• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១៤ ព្រឹក

កម្ពុជា-វៀតណាម ប្តេជ្ញាពន្លឿនរំហូរពាណិជ្ជកម្មស្របច្បាប់ និងទប់ស្កាត់បទល្មើសឆ្លងដែន

នៅក្នុងជំនួបរវាងមន្រ្តីជាន់គយនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ភាគីទាំងពីរ បានយល់ស្របពន្លឿនចរាចរទំនិញនាំចេញនាំចូល ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ជាមួយគ្នា។ ភាគីវៀតណាម បានយល់ព្រម លើការសម្រួលឲ្យបានជាអតិបរមា លើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម មកកម្ពុជា ដោយអនុវត្តតាមគោលការណ៍ រំហូរពាណិជ្ជកម្មស្របច្បាប់ និងទប់ស្កាត់ បទល្មើសគយជ្រកក្រោមរបបឆ្លងកាត់។ភាគីទាំងពីរ គឺគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំជំនួបទ្វេភាគី ជាមួយលោក Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងជំនួបទ្វេភាគីនេះ រដ្ឋបាលគយនៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការ លើចំណុចសំខាន់ៗដូចខាងក្រោម៖

១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ តាមរយៈអនុវត្តប្រតិបត្តិការរួមគ្នា, ពង្រឹងយន្តការមន្ត្រីទំនាក់ទំនង (Focal points) ដើម្បីផ្លាស់ប្តូរព័ត៌មានទាំង ក្នុងកម្រិតអគ្គនាយកដ្ឋាន និងនៅមាត់ច្រកព្រំដែន។

២. ពន្លឿនចរាចរទំនិញនាំចេញនាំចូល ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ភាគីវៀតណាម បានយល់ព្រម លើការសម្រួលឲ្យបានជាអតិបរមា លើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម មកកម្ពុជាដោយអនុវត្តតាមគោលការណ៍ រំហូរពាណិជ្ជកម្មស្របច្បាប់ និងទប់ស្កាត់ បទល្មើសគយជ្រកក្រោមរបបឆ្លងកាត់ ។

៣. បន្តសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាតែមួយដង នៅច្រកព្រំដែនអន្តរជាតិបាវិត ប្រទេសកម្ពុជា និងម៉ុកបៃ ប្រទេសវៀតណាម។

៤. បានឯកភាពគ្នាចាត់តាំងមន្ត្រីជំនាញ IT ឲ្យធ្វើការរួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ សម្រាប់ផ្លាស់ប្តូរព័ត៌មានសង្ខេបតាម Online អំពីអត្តសញ្ញាណទំនិញឆ្លងកាត់ និងមធ្យោបាយដឹកជញ្ជូនទំនិញទាំងនោះ។

៥. ផ្លាស់ប្ដូរទស្សនកិច្ច សិក្សាមន្ត្រីគយ ដើម្បីបង្កើនកិច្ចសហការមិត្តភាព និងរៀនសូត្រដកស្រង់បទពិសោធន៍ ទៅវិញទៅមក។

៦. គាំទ្រគ្នាទៅវិញទៅមក លើការងារគយលើឆាកអន្តរជាតិ។

៧. រៀបចំកិច្ចប្រជុំទ្វេភាគីបន្ទាប់ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤។

កម្ពុជា វៀតណាម ក៏បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ របស់រដ្ឋបាលគយនៃប្រទេសទាំងពីរ នាពេលកន្លងមក និងវឌ្ឍនភាពល្អក្នុងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងកំណត់ហេតុប្រជុំទ្វេភាគី រវាងរដ្ឋបាលគយទាំងពីរកាលពីខែមីនា ឆ្នាំ២០១៨ នាទីក្រុងហូជីមិញ ប្រទសវៀតណាម៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ