• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៣ ព្រឹក

ពន្ធដារប្រមូលចំណូលពន្ធបានជិត ៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រង បានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កើនជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២២ នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនជាង ១១ ៩៣១ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៩៤៥ លាន ដុល្លារ ស្មើជាង ១០៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ បើធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា បានកើនឡើងជាង ២ ៥៣០ ប៊ីលានរៀល ត្រូវជាង ៦២៤ លានដុល្លារ ស្មើជិត ២៧ ភាគរយ ក្នុងនោះចំពោះការប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង ១២៩ ប៊ីលានរៀល ត្រូវប្រមាណជាង ៣២ លានដុល្លារ។

គួរបញ្ជាក់ផងដែរថា តាមរយៈសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានអនុម័ត តម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធផ្ទៃក្នុង ក្នុងចំនួនប្រមាណជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៣ ៥៧១ លានដុល្លារ កើនឡើងជាង ២៦ ភាគរយ ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលក្នុងរង្វង់ជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង២ ៨១៩ លានដុល្លារ។

ជុំវិញការប្រមូលចំណូលនៅឆ្នាំ ២០២៣ ខាងមុខនេះ ឯកឧត្តម គង់ វិបុល បញ្ជាក់ពីការប្តេជ្ញាចិត្តថា នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញបេសកកម្មប្រមូលចំណូលពន្ធ អនុវត្តភារឲ្យបានល្អ ដើម្បីបន្តគាំទ្រ ចំពោះការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ