• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២៥ ល្ងាច

សម្តេច ហ៊ុន សែន បដិសេធការចោទថាវិជ្ជមានកូវីដជាល្បិចមិនចង់ឲ្យសម្តេចចូលកិច្ចប្រជុំ G20

សម្តេច ហ៊ុន សែន បានបង្ហោះសារជាសម្លេងបដិសេធនូវការវិភាគដែលបានចោទជាសំណួរថា ការរកឃើញវិជ្ជមានកូវីដលើរូបសម្តេច តើវាអាចជាឧបាយកលនៃប្រទេសខ្លះដែលមិនចង់ឲ្យសម្តេច មានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ីដែរឬទេ?ជាការឆ្លើយតបរបស់សម្តេច បានមានប្រសាសន៍បញ្ជាក់នូវស្ថានភាពនៃសុខភាពរបស់សម្តេច គឺធម្មតា ក្រោយពីការរកឃើញកូវីដ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចបានថ្លែងថា ពិតណាស់គ្មានអ្នកណាមានបំណង ដើម្បីឲ្យសម្តេចមិនមានវត្តមាននៅក្នុងការប្រជុំ ទាំងកិច្ចប្រជុំ G20 នៅឯប្រទេសឥណ្ឌូនេស៊ី ទាំងកិច្ចប្រជុំ APEC នៅឯប្រទេសថៃនោះឡើយ។

សម្តេច ហ៊ុន សែន បានសំណូមពរឲ្យបំបាត់ចោលនូវការភាន់ច្រឡំ ឬការវិភាគណាដែលនាំឲ្យទៅដល់ផ្លូវដែលគិតថាវិជ្ជមានកូវីដរបស់សម្តេច ជាឧបាយកលមិនចង់ឲ្យសម្តេចចូលរួមកិច្ចប្រជុំ G20 ព្រោះថាប្រធាន G20 គឺឥណ្ឌូនេស៊ី ពិតជាចង់ឃើញវត្តមានប្រធានអាស៊ាន សម្តេច ហ៊ុន សែន ទៅចូលរួមក្នុងកិច្ចប្រជុំនោះ ហើយប្រទេសថៃដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC ក៏ចង់ឃើញសម្តេចមានវត្តមាននៅទីនោះដែរ។

ដោយឡែកនៅទីក្រុងបាងកកក៏មានការត្រៀមរៀបចំជំនួបរវាងសម្តេច ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមានជំនួបរវាងសម្តេច និងប្រធានាធិបតីបារាំង លោក ម៉ាក្រុង ផងដែរ។ សម្តេចគូសបញ្ជាក់ថា ដូច្នេះពុំមានហេតុផលណា និងការវិភាគឲ្យទៅឆ្ងាយពីអ្វីដែលជាកូវីដ ដែលសម្តេចគិតថា នេះគឺជាកូវីដ ពិតប្រាកដ ដោយសារតែភាពទន់ខ្សោយប៉ុន្មានរយៈពេលចុងក្រោយរបស់សម្តេចបានខិតខំបំពេញការងារក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

សម្តេច ហ៊ុន សែន បានបន្ថែមថា ការនឿយរបស់សម្តេច អាចជាការវាយលុកនៃកូវីដ-១៩ ហើយសម្តេចនឹងខិតខំការព្យាបាលជំងឺនេះ។ គិតមកដល់ពេលនេះអាការៈរបស់សម្តេច គឺធម្មតា មិនមានអ្វីដែលប្លែកនោះទេ ហើយសម្តេចនឹងបន្តការព្យាបាលនេះតទៅទៀត។ សម្តេចនឹងបំពេញការងារពីផ្ទះ លើកលែងតែមានការទទួលភ្ញៀវតែប៉ុណ្ណោះ ដែលសម្តេចនឹងខិតខំ ដើម្បីព្យាបាលជំងឺនៅក្នុងកាលៈទេសៈនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ