• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤០ ព្រឹក

ក្រសួងប្រៃសណីយ៍ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះម្ចាស់បុរី និងអគារសហកម្មសិទ្ធិ ដែលទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតអុីនធឺណិត ចូលលំនៅដ្ឋានអ្នកប្រើប្រាស់

បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវា នៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន ៨ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍ តាមបុរីនិងអគារសហកម្មសិទ្ធិ ក្នុងរយៈពេលកន្លងមក ដោយទទួលបាននូវព័ត៌មានជាក់លាក់ អំពីឧបសគ្គមួយចំនួន ដែលធ្វើឱ្យមានការលំបាក ក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិត ចូលក្នុងបុរីនិងអគារសហកម្មសិទ្ធិមួយចំនួន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមអំពាវនាវដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនត្រូវបញ្ឈប់៖ 
១. ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់ បណ្តាញសេវាអ៊ីនធឺណិត ចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់ នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ ស្តីពីទូរគមនាគមន៍។ 
២. ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ។ 

ក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើ ក.ប.ទ. នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 

ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែលមានព័ត៌មាន អំពីសកម្មភាពដូចបានរៀបរាប់ខាងលើ សូមផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ