• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥២ ព្រឹក

រយ:ពេល៣ថ្ងៃមានភ្ញៀវទេសចរមកកម្សាន្តខេត្តមណ្ឌលគិរីជាង៣ម៉ឺននាក់

ខេត្តមណ្ឌលគិរី÷ខេត្តមណ្ឌលគិរីជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជាជាពិសេសគិតត្រឹមរយ:ពេល៣ថ្ងៃចាប់ពីថ្ងៃទី៧.៨.៩ខែវិច្ឆិកាឆ្នាំ២០២២នៃព្រះរាជពិធីបុណ្យអុំទូក,អកអំបុក,បណ្តែតព្រះទីបនិងសំពះព្រះខែខេត្តមណ្ឌលគិរីបានទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនាកម្សាន្តជាង៣ម៉ឺននាក់តួលេខនេះមានការថយចុះប្រហែល៣,៨៣%បើធៀបនឹងបុណ្យអុំទូកឆ្នាំមុនប៉ុន្តែបើប្រៀបផ្ទឹមជាមួយបុណ្យភ្ជុំបិណ្ឌទើបកន្លងផុតទៅថ្មីៗនេះជាសញ្ញាល្អប្រសើរព្រោះមានការកើនឡើងខ្ទង់ជាង២ម៉ឺននាក់ឯណោះ។

លោកងិនសុវិមានអភិបាលរងខេត្តមណ្ឌលគិរីបានឲ្យដឹងថាអ្នកទេសចរប្រមាណជាង៣ម៉ឺននាក់ដែលចូលមកកម្សាន្តខេត្តមណ្ឌលគិរីឱកាសបុណ្យអុំទូកនេះភាគច្រើនជាភ្ញៀវជាតិក្នុងនោះភ្ញៀវជាតិមានរហូតដល់ទៅ៣១,៤៧៧នាក់ថយចុះ៤%រីឯភ្ញៀវបរទេសមានប្រមាណ២១៥នាក់ប៉ុណ្ណោះកើនឡើង២៧,៩៧%។

លោកងិនសុវិមានបានឲ្យដឹងទៀតថាប៉ុន្មានថ្ងៃនៃឱកាសបុណ្យអុំទូកនៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរនេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។ទន្ទឹមនេះរដ្ឋបាលខេត្តមណ្ឌលគិរីក៏បានរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណ:ការតុបតែងស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទការប្រគុំតន្ត្រីកម្សាន្តពិធីបណ្តែតប្រទីបនិងមានការបាញ់កាំជ្រួចនៅទំនប់សែនសុខដុមនិងទំនប់សែនមនោរម្យស្ថិតនៅក្រុងសែនមនោរម្យដើម្បីញ៉ាំងឲ្យកម្មវិធីមានភាពសប្បាយរីករាយក្រៃលែងតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។

លោកអភិបាលខេត្តបញ្ជាក់ថាភាពស្រស់ស្អាតទាំងអស់នេះគឺកើតចេញពីការយកចិត្តទុកដាក់ពីសមណាក់លោកថងសាវុនអភិបាលខេត្តមណ្ឌលគិរីនិងលោកម៉ែនង៉ុយប្រធានក្រុមប្រឹក្សាខេត្តរួមទាំងសហការីអាជីវករយុវជនប្រជាពលរដ្ឋនិងមានការចូលរួមពីភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក,អកអំបុក,បណ្តែតប្រទីបនិងសំពះខែនេះផងដែរ។

អ្នកទេសចរបានលើកសរសើរអំពីបរិយាកាសព្រៃភ្នំនៅខេត្តមណ្ឌលគិរីពិតជាទាក់ទាញនិងស្អាតប្លែកពីបណ្តាខេត្តផ្សេងទៀតជាពិសេសបានរៀបចំតុបតែងភ្លើងលម្អស្តង់ពិព័រណ៍លក់ផលិតផលគ្រប់ប្រភេទការប្រគុំតន្ត្រីកម្សាន្តពីធីបណ្តែតប្រទីបនិងមានការបាញ់កាំជ្រួចនៅទំនប់សែនសុខដុមដែលខេត្តមណ្ឌលគិរីមិនធ្លាប់មានពីមុនមក។ប៉ុន្តែទោះជាយ៉ាងណាក៏បានកត់សម្គាល់ឃើញភ្ញៀវទេសចរមួយចំនួនតូចមិនបានគិតគូរពីការចូលរួមលើបញ្ហាអនាម័យដោយមិនបានវេចខ្ចប់ឬចោលសំរាមឲ្យបានត្រឹមត្រូវតាមតំបន់ទេសចរណ៍ដែលចំណុចនេះមិនល្អសោះ។

គួរបញ្ជាក់ដែរថាដ្បិតខេត្តមណ្ឌលគិរីក្នុងព្រះរាជពិធីបុណ្យអុំទូក,អកអំបុក,បណ្តែតប្រទីបនិងសំពះព្រះខែគិតត្រឹម៣ថ្ងៃចំនួនអ្នកទេសចរមានការថយចុះតិចតួចក្តីប៉ុន្តែធាតុពិតអ្នកទេសចរបានសម្រុកចូលមកកម្សាន្តខេត្តមណ្ឌលគិរីតាំងពីមុនថ្ងៃបុណ្យអុំទូកមកដល់ពោលគឺភ្ញៀវអញ្ជើញមកកម្សាន្តចាប់តាំងពីថ្ងៃទី៥.៦ខែវិច្ឆិកាដែលជាថ្ងៃចុងសប្តាហ៍ហើយកន្លែងស្នាក់នៅពិសេសរីស៊តដែលមានទេសភាពស្អាតៗក្នុងខេត្តត្រូវបានភ្ញៀវទេសចរកក់បន្ទប់តាំងពីមុនបុណ្យអុំទូក១ខែមកម៉្លេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ