• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣០ ព្រឹក

នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីចិន អញ្ជើញសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ÷ពិធីសម្ពោធជានិមិត្តរូប ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាវិមានសន្ដិភាព រាជធានីភ្នំពេញ។ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តភ្ជាប់ពីសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។  ផ្លូវល្បឿនលឿនមួយខ្សែនេះ ត្រូវបានចំណាយពេលជាង៤០ខែក្នុងការសាងសង់ ដោយក្រុមហ៊ុន Cambodia PPSHV Expressway Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយមានក្រុមហ៊ុន Minconsult SDN BHD ជាទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុន AECOM Asia Company Limited ជាទីប្រឹក្សាវិស្វកម្មឯករាជ្យ។ វិនិយោគក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគ “សាងសង់-ប្រតិបត្តិការ-ផ្ទេរ” (BOT: Build-Operate-Transfer) ជាមួយរយៈពេលវិនិយោគចំនួន ៥០ឆ្នាំ។នៅតាមបណ្តោយផ្លូវមានទីតាំងឈប់សម្រាកចំនួន ៣កន្លែងដូចជា៖ ទីតាំងកំពង់ស្ពឺខាងលិច (គ.ម ៦៣)  ទីតាំងកំពង់សិលា (គ.ម ១០៩) ទីតាំងព្រៃនប់ខាងលិច (គ.ម ១៥៦) និងចំណត ១កន្លែង ត្រង់ទីតាំងកំពង់ស្ពឺ (គ.ម ៤០)។ មានស្ថានីយចេញចូល រួមនិងបញ្ជរគិតប្រាក់ចំនួន ៨កន្លែង ដូចជា៖ស្ថានីយភ្នំពេញ (គ.ម ៣) ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម ២៦) ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម ៤៣) ស្ថានីយត្រែងត្រយឹង (គ.ម ៧៦) ស្ថានីយកំពង់សិលា (គ.ម ១១៤) ស្ថានីយស្រែអំបិល (គ.ម ១៣៥) ស្ថានីយស្ទឹងហាវ (គ.ម ១៧២) និងស្ថានីយក្រុងព្រះសីហនុ (គ.ម ១៨២)។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជា ៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖ គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា គន្លងផ្លូវសម្រាប់វ៉ាជែង និងគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ដោយមានការកំណត់ល្បឿនក្នុងការបើកបរ ទៅតាមប្រភេទយានយន្ត ចន្លោះពី៦០គីឡូម៉ែត្រ ដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ផ្លូវនេះដែរ  មិនត្រឹមតែផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន (ពី៥ម៉ោង មកត្រឹម២ម៉ោង) ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ វានឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ