• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៩ ព្រឹក

កម្លាំងសមត្ថកិច្ចជាង ១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១

កម្លាំងសមត្ថកិច្ចចម្រុះជាង ១០.០០០នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដែលនឹងធ្វើឡើងនៅ រាជធានីភ្នមពេញ ក្នុងសប្តាហ៍ទី២នៃខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាសផ្ទះនេះ នឹងមានវត្តមានមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ផងដែរ។យោងតាមការឱ្យដឹងពី ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដែលដកស្រង់ដោយសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ដើម្បីឱ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយភាពរលូន និងមានសុវត្ថិភាព អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោងប្រើប្រាស់កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១០.០០០នាក់ ដើម្បីធានាសន្តិសុខដល់ឥស្សរជននានាដែលបានមកចូលរួមកិច្ចប្រជុំកំពូននេះ។ កម្លាំងទាំងអស់ត្រូវបានបណ្តុះបណ្តាលបន្ថែមផងដែរ ពាក់ព័ន្ធនឹងបច្ចេកទេសការពារផ្ទាល់ និងបច្ចេកទេសហែរអមការពារក្បួនប្រតិភូ។ ក្រៅពីនោះក៏បានបង្កើនកិច្ចសហប្រតិបត្តការណ៍អន្តរជាតិជាមួយបណ្តាដៃគូមួយចំនួន មានដូចជា ស្ថាប័ននគរបាលអន្តរជាតិអាំងទែប៉ូល ស្ថាប័ននគរបាលក្នុងតំបន់អាស៊ានណាប៉ូល ជាមួយការិយាល័យ FBI អគ្គស្នងការដ្ឋានប្រទេសសឹង្ហបុរី សហការជាមួយនគរបាលជប៉ុន វៀតណាម ចិន និងអូស្ត្រាលី ជាដើម។ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានបញ្ជាក់ដែរថា នគរបាលជាតិកម្ពុជាក៏ទទួលបានការគាំទ្រ និងសហការក្នុងការផ្លោស់ប្តូព័ត៌មានផ្នែកសន្តិសុខទប់ស្កាត់បញ្ហាភេរវកម្ម និងផ្លាស់ប្តូរព័ត៌មានដល់កិច្ចការពារអាស៊ានកំពូលផងដែរ។ ក្រៅពីនោះក៏ទទួលបានការគាំទ្រផ្នែកមធ្យោបាយ សម្ភារមួយចំនួន ដូចជា ម៉ាស៊ីនកាំរស្មីអ៊ិច ក្លោងទ្វារសុវត្ថិភាព រថយន្តនាំក្បួន រថយន្តការពារគ្រាប់ រថយន្តដឹកកម្លាំង ម៉ូតូហែរអម ម៉ូតូល្បាត ឧបករណ៍សម្ភារត្រួតពិនិត្យជាតិពុល ជាតិផ្ទុះ ដែលជាជំនួយរបស់ភាគី ចិន ជប៉ុន និងវៀតណាម។

សូមបញ្ជាក់ថា កិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូចូលរួមចំនួន ៣២ប្រទេស និងស្ថាប័នពាក់ព័ន្ធ។ចំពោះតំបន់ដែលត្រូវកំណត់ការពារ ត្រូវបានបែងចែកជា ៣តំបន់គឺ ១. តំបន់ក្នុងភូមិសាស្ត្រ រួមមានព្រលានយន្តហោះ ក្នុងក្បួនគណប្រតិភូ លើដងផ្លូវដំណើររបស់គណៈប្រតិភូ ក្នុងកន្លែងស្នាក់នៅ កន្លែងប្រជុំ ពិធីផ្សេងៗ និងគោលដៅទន្សនកិច្ចផ្សេងៗទៀត។ ២. តំបន់ជុំវិញភូមិសាស្ត្រ រួមមាន តំបន់ជុំវិញព្រលានយន្តហោះ ចំណុចខ្ពស់ សងខាងដងផ្លូវធ្វើដំណើររបស់គណៈប្រតិភូ ជុំវិញកន្លែងស្នាក់នៅ កន្លែងប្រជុំ ពិធីផ្សេងៗ និងគោលដៅទន្សនកិច្ចផ្សេងៗទៀត។ ៣. តំបន់ក្រៅភូមិសាស្ត្រ រួមមាន ភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ