• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៥ ល្ងាច

ផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញបានកែលម្អ និងជួសជុល ត្រៀមទទួលមេដឹកនាំពិភពលោក

ផ្លូវសំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញ នៅរយៈពេលចុងក្រោយនេះ ត្រូវបានរដ្ឋបាលរាជធានី បានរៀបចំតុបតែងសោភ័ណ្ឌភាព ជួសជុលសម្អាត លុបសំបុកមាន់ អ៊ុតកៅស៊ូឡើងវិញ។ការតុបតែងនេះ ធ្វើឡើង ក្នុងគោលបំណងត្រៀមទទួលថ្នាក់ដឹកនាំអាស៊ាន ក៏ដូចជាដៃគូអាស៊ាន ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ផ្លូវសំខាន់ៗជាច្រើនមានដូចជា មហាវិថី សហព័ន្ឋរុស្ស៊ី ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ,មហាវិថីព្រះសីហនុ មហាវិថីព្រះសុរាម្រិត និង មហាវិថី សុធារស និង ផ្លូវមេគង្គជ្រោយចង្វារ ត្រូវបានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ជួសជុលសម្អាត លុបសំបុកមាន់ អ៊ុតកៅស៊ូឡើងវិញ ហើយអ៊ុតគំនូសចរាចរ ដើម្បីការធ្វើចរាចរណ៍ចេញចូលរបស់ប្រតិភូបរទេសដែលមកចូលរួមប្រជុំ។បើតាមមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ ការដ្ឋានអ៊ុតកៅស៊ូ AC និងអ៊ុតគំនូសចរាចរមហាវិថី សហព័ន្ឋរុស្ស៊ី ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ សម្រេចបាន ៩០% ហើយការដ្ឋានជួសជុលផ្លូវនេះ នឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណែក មហាវិថីព្រះសីហនុ មហាវិថីព្រះសុរាម្រិត និង មហាវិថី សុធារស មន្ទីរបានរៀបចំ អ៊ុតគំនូសចរាចរ ខណៈផ្លូវមេគង្គជ្រោយចង្វារ គណប្រតិភូធ្វើដំណើរចូលទៅកិច្ចប្រជុំ កំពុងធ្វើសកម្មភាព អ៊ុតកៅស៊ូនិង រៀបការឺឡាចិញ្ចើមផ្លូវ។កៅពីនេះនៅមានផ្លូវចំនួនទៀតត្រូវបានកែលម្អ។គួរបញ្ជាក់ថា ប្រទេសកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និង កិច្ចប្រជុំពាក់ព័ន្ធនៅពាក់កណ្តាលខែវិច្ឆិកានេះ។ថ្នាក់ដឹកនាំអាស៊ាន ក៏ដូចជាដៃគូអាស៊ានសរុបចំនួន ១៨ប្រទេស និង១២ស្ថាប័ន និងអង្គការអន្តរជាតិធំៗ ត្រូវបានអញ្ជើញចូលរួម។ ក្នុងចំណោមប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលប្រទេសជាដៃគូអាស៊ានទាំងនោះ ក៌មានផងដែរប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក៏ប៉ុន្តែគេនៅមិនទាន់មានការបញ្ជាក់ពីការចូលរួមរបស់មេដឹកនាំពិភពលោកទាំងនេះនៅឡើយ ខណៈចិន គ្រោងបញ្ជូននាយករដ្ឋមន្ត្រីមកចូលរួមតាមទំលាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ