• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣០ ព្រឹក

នាយករដ្ឋមន្ត្រី សុំការយោគយល់ពីពលរដ្ឋនៅភ្នំពេញទុកជាមុន អំពីបញ្ហាចរាចរណ៍អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញទុកជាមុន អំពីបញ្ហាចរាចរណ៍នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ខាងមុខ។នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញទុកជាមុន ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ និងការធ្វើដំណើរនានាក្នុងរាជធានីភ្នំពេញ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ត្រូវរៀបចំសម្រួលចរាចរណ៍ ជូនមេដឹកនាំប្រទេសនានា ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំ សុំយកឱកាសនេះអំពាវនាវ និងសុំអភ័យទោសទុកជាមុន ចំពោះប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាជននៅទីក្រុងភ្នំពេញយើង អាចជួបការលំបាកបន្តិច ព្រោះយើងត្រូវរៀបចំផ្លូវដើម្បីជៀសវាងនូវការកកស្ទះចរាចរណ៍ ចឹងក៏សុំអភ័យទោសទុកជាមុន សម្រាប់ប្រជាពលរដ្ឋរបស់យើង យើងធានាសុវត្ថិភាពយ៉ាងណា ដើម្បីកុំឲ្យស្ទះចរាចរណ៍ ឬរហូតទៅដល់បង្កឲ្យមានបញ្ហាជាមួយនឹងភ្ញៀវរបស់យើង»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ផ្លូវមួយចំនួន នឹងត្រូវបិទបណ្ដោះអាសន្ននៅពេលមានភ្ញៀវបរទេសឆ្លងកាត់ ដើម្បីសម្រួលការធ្វើដំណើរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ចឹងផ្លូវមួយចំនួន ច្បាស់ជាត្រូវបិទ…មិនមែន បិទទាំងស្រុងទេ គឺថា ពេលណាដែលភ្ញៀវត្រូវចេញ គឺយើងចាប់ផ្ដើមបិទដើម្បីរុញឲ្យភ្ញៀវធ្វើដំណើរ ចឹងទេសុំការខន្តីអភ័យទោសទុកជាមុន ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ»។

សូមជម្រាបថា ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ