• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៥ ព្រឹក

ក្រសួងពាណិជ្ជកម្មជូនដំណឹងស្ដីពី ការកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មថា កន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការនៃ គ.ជ.ក.ប. បានចេញសេចក្តីប្រកាសព័ត៌មាន ដោយទុករយៈពេល ៣០(សាមសិ ប )ថ្ងៃ (ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២) ដើម្បីកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ បន្ទាប់មកនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គ.ជ.ក.ប. ក៏បានអញ្ជើញបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែង ផ្សាយ ពាណិជ្ជកម្មនៃក្រុមហ៊ុនមួយចំនួន មកបំភ្លឺនៅចំពោះមុខ គ.ជ.ក.ប. នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ រហូតមក ដល់ពេលនេះ គ.ជ.ក.ប. តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការបានសង្កេតឃើញថាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មមួយចំនួន នៅតែមិនទាន់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. និងស្មារតីនៃកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅឡើយ។ បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម នៅតែបន្តសកម្មភាពល្មើស ផ្សព្វផ្សាយពាណិជ្ជកម្ម របស់ខ្លួនតាមគ្រប់ប្រភេទ ទម្រង់ និងគ្រប់មធ្យោបាយ មានលក្ខណៈភូតកុហក បំភាន់ការពិត អាចធ្វើឱ្យ អ្នកប្រើប្រាស់មានការយល់ច្រឡំអំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ប៉ះពាល់ដល់ដំណើរការប្រកួតប្រជែងប្រកបដោយសុចរិត និងកាត់បន្ថយប្រសិទ្ធភាពសេដ្ឋកិច្ច ដែលត្រូវបានហាមឃាត់ដោយច្បាប់ និង បទប្បញ្ញត្តិជាធរមាន ជាពិសេសច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

ដើម្បីទប់ស្កាត់នូវសកម្មភាពប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត ជំរុញការប្រកួតប្រជែងប្រកបដោយសមធម៌ និងធានាការពារផល ប្រយោជន៍អ្នកប្រើប្រាស់ គ.ជ.ក.ប. បានក្រើនរំលឹកដល់ឯកឧត្តម លោកជំទាវ អ្នក ឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែល ជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ឈរលើមូលដ្ឋាននេះ គ.ជ.ក.ប. ស្នើឱ្យ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មត្រូវ សហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីផ្តល់ឯកសារពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ និង កែតម្រូវ សកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យស្របតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិ ក្នុងរយៈពេល ៣(បី)ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះ។

ក្នុងករណីរកឃើញថា បុគ្គលណាមួយនៅតែប្រព្រឹត្តល្មើស ហើយមិនបានអនុវត្តតាមការណែនាំខាងលើ គ.ជ.ក.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានបង្ហាញក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ    ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់និងសង្គមជាតិទាំងមូល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ