• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៨ ព្រឹក

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរៀបចំពិធីសម្ពោធជាផ្លូវការការនាំផ្លែមៀនស្រស់ទៅកាន់ ទីផ្សារប្រទេសចិន

ភ្នំពេញ÷នាព្រឹកថ្ងៃព្រហស្បត្តិ៍៣កើតខែកក្តិកឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៧ខែតុលាឆ្នាំ២០២២លោកទិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន។ឆ្លៀតក្នុងឱកាសនេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកអគ្គរដ្ឋទូតWang Wentian សម្រាប់សុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារឆ្លុះបញ្ចាំងពីភាពរឹងមាំនិងផ្លែផ្កានៃចំណងមិត្តភាពរវាងប្រទេសទាំង២ហើយលោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាឆ្នាំ២០២២នេះគឺជាឆ្នាំទី១២ហើយដែលទំនាក់ទំនងការទូតកម្ពុជា_ចិនត្រូវបានឈានឡើងដល់កម្រិតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះលោករដ្ឋមន្ត្រីបានលើកឡើងថានេះគឺជាជោគជ័យថ្មីមួយទៀតដែលប្រសូតចេញពីកិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្មតាមរយ:ការជួយបង្កើនផលិតកម្មការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្មការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់និងកែច្នៃបម្រើឲ្យការនាំចេញនិងដល់ការបង្កើតការងារនិងបង្កើនប្រាក់ចំណូលរបស់កសិករដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។

នៅក្នុងពិធីនេះដែរដើម្បីទាក់ទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមាននិងពង្រីកទីផ្សារប្រទេសចិនសម្រាប់កសិផលផ្សេងទៀតរបស់កម្ពុជាដូចជាម្រេចដូងក្រអូបទុរេនផលិតផលសម្បុកត្រចៀកកាំផ្លែម្នាស់ផ្លែខ្នុរគ្រាប់ឈូកនិងផលិតផលផ្សេងៗទៀតលោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម÷

ក.ចំពោះអគ្គនាយកដ្ឋានកសិកម្ម

១.ត្រូវពង្រឹងការចុះត្រួតពិនិត្យអនុលោមភាពអនាម័យនិងភូតគាមអនាម័យដើម្បីបង្ការនិងទប់ស្កាត់ការរាលដាលឆ្លងនៃសមាសភាពចង្រៃសម្រាប់ការនាំចូលនិងការនាំចេញមុខទំនិញកសិកម្ម

២.ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណ:និងឯកជនក្នុងក្របខណ្ឌនៃការការពាររុក្ខជាតិនិងភូតគាមអនាម័យ

៣.ត្រូវចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាលើមុខទំនិញកសិកម្មដែលបានបើកទីផ្សារនិងមានសក្តានុពលរបស់កម្ពុជាក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា_ចិននិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)ដើម្បីជំរុញការចរចាបើកទីផ្សារបន្ថែម

៤.ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សនិងសមត្ថភាពជំនាញឲ្យបានកាន់តែទូលំទូលាយស៊ីជម្រៅនិងរឹងមាំថែមទៀតដើម្បីជំរុញការចរចានិងអនុវត្តន៍វិធានការអនាម័យនិងភូតគាមអនាម័យសំដៅសម្រួលពាណិជ្ជកម្មនិងការនាំចេញរបស់កម្ពុជា។

ខ.ចំពោះក្រុមហ៊ុនវិនិយោគ

១.ត្រូវអនុវត្តន៍ឲ្យបានម៉ត់ចត់ប្រកបដោយការទទួលខុសត្រូវខ្ពស់នូវស្តង់ដារអនាម័យនិងភូតគាមអនាម័យប្រទេសចិនដើម្បីធានាទាំងគុណភាពនិងសុវត្ថិភាពនៃកសិផលនាំចេញសំដៅថែរក្សាទីផ្សារនិងពង្រឹងទំនុកចិត្តនិងការពេញចិត្តរបស់អ្នកប្រើប្រាស់លើកសិផលកម្ពុជា

២.ត្រូវពង្រឹងការសិក្សាស្វែងយល់ឲ្យច្បាស់លាស់អំពីតម្រូវការនិងការឆ្លើយតបពីអ្នកប្រើប្រាស់ចំពោះកសិផលកម្ពុជាដើម្បីជំរុញបង្កើនការផ្គត់ផ្គង់ឬធ្វើពិពិធកម្មទំនិញដែលត្រូវនាំចេញឲ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារប្រទេសចិន។

ជាចុងបញ្ចប់លោករដ្ឋមន្ត្រីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនព្រមទាំងឯកឧត្តមឯកអគ្គរដ្ឋទូតនិងស្ថានទូតចិនប្រចាំកម្ពុជាដែលបានផ្តល់ការគាំទ្រនិងកិច្ចសហការយ៉ាងល្អក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកសិកម្មជាមួយកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ