• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៦ ព្រឹក

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កើនឡើង ៤០ ភាគរយក្នុងរយៈពេល ៨ ខែដំបូង

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឈានដល់ជិត ២៨០ លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ កើនឡើងជាង ៤០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។តួលេខនេះត្រូវបានចែករំលែកដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែតុលា។ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តអ្នកវិនិយោគអេមីរ៉ាតអារ៉ាប់រួម ទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ ហើយបានអំពាវនាវដល់ពាណិជ្ជករ និងអ្នកវិនិយោគអេមីរ៉ាតអារ៉ាប់រួម ផ្សេងទៀតដែលមិនទាន់បានធ្វើអាជីវកម្មនៅកម្ពុជា មកសិក្សាពីសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកម្ពុជាដោយផ្ទាល់។

ចំណែកលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេសនៃអេមីរ៉ាតអារ៉ាប់រួម មានប្រសាសន៍ថា អេមីរ៉ាតអារ៉ាប់រួមគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលស្មើនឹង ៧៧ ភាគរយនៃពាណិជ្ជកម្មរបស់កម្ពុជាជាមួយតំបន់ឈូងសមុទ្រពែក្ស។លោកបានបន្ថែមថា តម្លៃនៃការវិនិយោគរបស់កម្ពុជានៅអេមីរ៉ាតអារ៉ាប់រួម មានចំនួនជិត ១ លានដុល្លារនៅចុងឆ្នាំ២០២០ ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ ខណៈដែលការវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម នៅកម្ពុជាមានចំនួនសរុបប្រហែល ២.៧ លានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ២០២២ នៅក្នុងផ្នែកអចលនទ្រព្យផងដែរ។

លោកបណ្ឌិត Thani bin Ahmed Al Zeyoudi បានចង្អុលបង្ហាញថា បន្ថែមពីលើសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ វិស័យកសិកម្មនិងសន្តិសុខស្បៀងនៅតែជាផ្នែកសំខាន់នៃការផ្តោតយកឱកាសក្នុងការលើកកម្ពស់ភាពជាដៃគូកម្ពុជា-អារ៉ាប់រួម។ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យពាណិជ្ជករទាំងអស់ចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២២៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ