• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៨ ព្រឹក

ឃុំខ្លួនគ្រូទាយម្នាក់ពាក់ព័ន្ធឆបោកនិងរំលោភទំនុកចិត្តលក់ដីខ្យល់ជាង៥០ហិកតានៅខេត្តកំពង់ស្ពឺ

ភ្នំពេញ÷ស្ត្រីវ័យចំណាស់ ជាគ្រូទាយមើលជោគជតារាសី នៅប្លុកបុរីពិភពថ្មី កំបូល២ និងបុរីពិភពថ្មីកំបូល៣ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញចាប់ខ្លួន ពីបទឆបោក និងបទរំលោភលើទំនុកចិត្តពាក់ព័ន្ធ នឹងទឹកប្រាក់ប្រមាណ៥១ម៉ឺនដុល្លារអាមេរិករឿងលក់ដីខ្យល់ជាង៥០ហិកតា នៅខេត្តកំពង់ស្ពឺ។ស្ត្រីវ័យចំណាស់រូបនោះឈ្មោះ ប៉ុក សៅខាន អាយុ៦៣ឆ្នាំ មានទីលំនៅ ផ្ទះលេខ៧០អា ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោករាជ ធានីភ្នំពេញ សព្វថ្ងៃរស់នៅជាមួយកូនក្នុងបុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជាធានីភ្នំពេញ។

ការចាប់ខ្លួនជនត្រូវចោទរូបនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងដីកាចាប់ខ្លួនបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថាឈ្មោះ ប៉ុក សៅខាន ភេទស្រី អាយុ៦៣ឆ្នាំ ត្រូវចោទប្រកាន់ពីបទឆបោក និងបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និង២០១៦ តាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសមជ្ឈិម មានកំណត់ទោសលើសពី១ឡើងទៅ។ តាមរយ:ដីកាបញ្ជាឲ្យចូលខ្លួនលេខ ៣០៧ អ.យ.ង ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់តំណាងអយ្យការដីកា ឲ្យចូលខ្លួន លេខ៥៤៤ ញព្រ.ទ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជនជាប់ចោទមិនបានចូលខ្លួនតាមការកំណត់ឡើយ ដោយបានគេចខ្លួនមិនដឹងទៅទីណា។ដើម្បីធានាដល់កិច្ចការស៊ើបសួរគប្បីបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទ ឈ្មោះ ប៉ុក សៅខាន យកមកប្រគល់ជូនតុលាការចាត់ការតាមផ្លូវច្បាប់ទើបរសៀលថ្ងៃទី២៥ ខែតុលា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បាននាំខ្លួនស្ត្រីវ័យចំណាស់ ឈ្មោះប៉ុក សៅខាន ប្រគល់ជូនចៅក្រមស៊ើបសួរតាមដីកាចាប់ខ្លួននោះ។បើតាមអង្កេតហេតុពីការចាប់ខ្លួនជនសង្ស័យខាងលើត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា គឺផ្តើមចេញកិច្ចសន្យាទិញលក់ដីធ្លីមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ ឈ្មោះប៉ុក សៅខាន និងសាន សុខា ជាអ្នកលក់ដីហៅថាភាគី(ក)ឲ្យទៅឈ្មោះជាសុខ ចិន្តា និងឈ្មោះខុង ស៊ាងហ៊ី ជាអ្នកទិញដីហៅថាភាគី(ខ)។ ភាគី(ក)យល់ព្រមលក់ដីចំនួន៤៥ហិកតាដែលមានទីតាំងស្ថិតនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តម្លៃសរុប ៤៥០០០០ដុល្លារអាមេរិក ដោយភាគី(ខ)បានប្រគល់ប្រាក់ឲ្យភាគី(ក)គ្រប់ចំនួនហើយភាគី(ខ)បានប្រគល់ប្រាក់ឲ្យភាគី(ក)បានធានីរត់ការផ្ទេរសិទ្ធិកាន់កាប់ដីនោះឲ្យទៅភាគី(ខ)ត្រឹមត្រូវតាមច្បាប់។ ក្រោយពេលប្រគល់លុយគ្រប់ចំនួនរួចហើយភាគីទាំង២បានព្រមព្រៀងគ្នាបោះបង្គោលព្រំលើផ្ទៃដី៤៥ហិកតាឲ្យទៅភាគី(ខ)។ ក្រោយមកទៀតគឺភាគី(ក)បានកាត់ដីចំនួន១០ហិកតាឲ្យទៅភាគី(ខ)ដែលសរុបដីនោះមានចំនួន៥៥ហិកតា។ បន្ទាប់មកភាគី(ខ)តែងតែសួរនាំភាគី(ក)អំពីលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីតែភាគី(ក)ព្យាយាមគេចវេះលុះដល់ឆ្នាំ២០១៩ ភាគី(ខ)បានទទូចឲ្យភាគី(ក)ផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ស្រាប់តែដីនោះបានធ្លាក់ទៅលើឈ្មោះអ្នកដទៃកាន់កាប់ទៅវិញ។

ដោយពិនិត្យឃើញថាឈ្មោះប៉ុក សៅខាន និងមនុស្ស២នាក់ទៀត ពិតជាប្រព្រឹត្តបទល្មើសឆបោកលក់ដីខ្យល់ទើបឈ្មោះខុង ស៊ាងហ៊ី ដែលខំចំណាយប្រាក់ទិញដីអស់រាប់សែនដុល្លារដាក់ពាក្យប្តឹងស្ត្រីឈ្មោះប៉ុក សៅខាន និងបក្ខពួកដែលឃុបឃិតគ្នាលក់ដី

ខ្យល់ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ទីបំផុតនាល្ងាចដដែលនេះស្ត្រីវ័យចំណាស់ដែលគេស្គាល់ជាគ្រូទាយមើលពីជោគជតារាសីម្នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរឿងលក់ដីខ្យល់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ