• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥២ ព្រឹក

គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំស្តីពីការធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅកម្ពុជា

ភ្នំពេញ÷ក្នុងគោលបំណងបង្ក្រាបនូវរាល់សកម្មភាពនិងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងដើម្បីលើកកម្ពស់វិស័យល្បែងពាណិជ្ជកម្មស្របច្បាប់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមរយ:សេចក្តីសម្រេចលេខ៦២សសរចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានសមាសភាពចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងនោះក៏មានសមាសភាពពីគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងប្រតិបត្តិការនេះអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានអនុវត្តន៍វិធានការយ៉ាងតឹងរ៉ឹងបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទីតាំងលេងល្បែងស៊ីសងខុសច្បាប់នានាជាបន្តបន្ទាប់។ ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងដើម្បីការពារនូវសិទ្ធិស្របច្បាប់របស់ប្រតិបត្តិករល្បែងផ្សងសំណាងអគ្គលេខាធិការដ្ឋាននៃគ.ល.ក.សូមបញ្ជាក់ជូនអ្នកឧកញ៉ាឧកញ៉ាលោកលោកស្រីជាប្រតិបត្តិករល្បែងផ្សងសំណាងទាំងអស់ឲ្យបានជ្រាបថាប្រតិបត្តិករល្បែងផ្សងសំណាងដែលទទួលបានអាជ្ញាបណ្ណល្បែងផ្សងសំណាងឬលិខិតបញ្ជាក់នីតិភាព ពីគ.ល.ក.អាចធ្វើប្រតិបត្តិការអាជីវកម្មដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម÷

១.ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងនិង/ឬលិខិតអនុញ្ញាតេជាប៉ុស្តិ៍សេវាពីគ.ល.ក.។

២.ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងនិង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពីគ.ល.ក.ប្រសិនបើមានបំណងធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងផ្សេងទៀតក្រៅពីទីតាំងដែលបានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាងឬលិខិតបញ្ជាក់នីតិភាព។

៣.ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាងអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងនិង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពីគ.ល.ក.ឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើមនៅទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។

៤.ត្រូវដំណើរការតែប្រភេទល្បែងវិធានល្បែងឧបករណ៍និង/ឬកម្មវិធីល្បែងដែលមានការអនុញ្ញាតពីគ.ល.ក.តែប៉ុណ្ណោះ។

៥.ត្រូវបំពេញចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាងប្រចាំខែនិងត្រូវបង់មូលនិធិសង្គមរបស់

គ.ល.ក.ឲ្យបានគ្រប់ចំនួននិងទាន់ពេលវេលាទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

៦.ហាមឃាត់ដាច់ខាតនូវរាល់សកម្មភាពលួចលាក់បង្កប់កន្ទុយលេខខុសច្បាប់។

ក្នុងករណីប្រតិបត្តិករល្បែងផ្សងសំណាងមិនអនុវត្តន៍តាមសេចក្តីណែនាំនេះត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាលនិង/ឬពិន័យអន្តរការណ៍ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

អគ្គលេខាធិការដ្ឋាននៃគ.ល.ក.សង្ឃឹមយ៉ាងមុតមាំថាប្រតិបត្តិករល្បែងផ្សងសំណាងទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តន៍តាមខ្លឹមសារនៃសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ