• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៩ ល្ងាច

លោកឃួងស្រេងស្នើឲ្យអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុននៅរាជធានីភ្នំពេញកាន់តែច្រើន

ភ្នំពេញ÷លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២២ក្នុងជំនួបសម្តែងការគួរសមជាមួយលោកជូណាក់យ៉ាំង(Joo Nak_young)អភិបាលក្រុងឃ្យុងជូនៃសាធារណរដ្ឋកូរ៉េនៅសាលារាជធានីភ្នំពេញបានស្នើសុំឲ្យអ្នកវិនិយោគជនជាតិកូរ៉េមកវិនិយោគទុនលើវិស័យវាយនភណ្ឌនៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញឲ្យបានច្រើនដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើកាន់តែច្រើនមានជីវភាពកាន់តែធូរធារឡើង។លោកឃួងស្រេងបានមានប្រសាសន៍ថាកម្ពុជាមានសន្តិភាពពេញបរិបូរណ៌ហើយពលរដ្ឋក៏ជាអ្នកមានស្នាដៃច្រើនក្នុងការងារលើវិស័យវាយនភណ្ឌបើប្រៀបធៀបកាលពីឆ្នាំ១៩៩០។ដូច្នេះលោកស្នើសុំតាមរយ:លោកJoo Nak_youngអភិបាលក្រុងឃ្យុងជូជួយចលនាអ្នកវិនិយោគជនជាតិកូរ៉េឲ្យមកវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញឲ្យបានច្រើន។ជមួយគ្នានេះចំពោះការវិនិយោគលើវិស័យវាយនភណ្ឌរាជរដ្ឋាភិបាលកម្ពុជាក៏បានអនុគ្រោះពន្ធផងដែរនេះពិតជាបានបង្កលក្ខណ:ងាយស្រួលឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន។លោកJoo Nak_youngក្នុងឱកាសនោះបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្នើឡើងរបស់លោកឃួងស្រេងដោយបញ្ជាក់ថាលោកនឹងធ្វើការអំពាវនាវក៏ដូចជាការកៀងគរអ្នកវិនិយោគជនជាតិកូរ៉េពីទីក្រុងឃ្យុងជូក៏ដូចជានៅទីក្រុងផ្សេងទៀតឲ្យមកវិនិយោគទុនលើវិស័យវាយនភណ្ឌនៅរាជធានីភ្នំពេញបានកាន់តែច្រើនធ្វើយ៉ាងណាឲ្យទីក្រុងទាំង២ប្រទេសទាំង២កាន់តែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ