• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤៤ ល្ងាច

រដ្ឋមន្ត្រីក្រសួងការងារ៖ ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅតាមបណ្តារោងចក្រ សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន

(សៀមរាប)៖ នៅក្នុងពិធីបើកសិក្ខាសាលា ការចងក្រងឯកសារនៃឧត្តមានុវត្តន៍ ស្តីពី សុវត្ថិភាព និងសុខភាពការងារក្នុងសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅតាមបណ្តារោងចក្រ សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរួមគ្នា ជាមួយដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ជាពិសេសការជំរុញ ការអនុវត្តផែនការសកម្មភាពការងាររបស់បណ្តាញសុវត្ថិភាព និងសុខភាពការងារអាស៊ាន ឆ្នាំ២០២១-២០២៥ ដែលស្ថិតនៅក្នុងសកម្មភាពអាទិភាពទី៣ នៃកម្មវិធីការងាររបស់រដ្ឋមន្ត្រីខាងការងារអាស៊ាន និងសកម្មភាពទី២ នៃ “ស្តង់ដាសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តល្អប្រសើរ” នៃសកម្មភាពការងាររបស់អាស៊ាន អូស្ហណេត។ 

សិក្ខាសាលាដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២២ រៀបចំដោយនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ធ្វើនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពី ប្រធានសហព័ន្ធនិយោជកអាស៊ាន ប្រធានលេខាធិការដ្ឋាន អាស៊ាន អូសណេត អនុប្រធានក្រុមប្រឹក្សាសហជីពអាស៊ាន នាយកការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំប្រទេស កម្ពុជា ថៃ និងឡាវ និងតំណាងលេខាធិការដ្ឋានអាស៊ាន, លេខាធិការដ្ឋានអាស៊ានអូសណេត, តំណាងបណ្តាប្រទេសអាស៊ាន, អង្គការនិយោជកអាស៊ាន, អង្គការនិយោជិតអាស៊ាន, តំណាងប្រទេសដៃគូអាស៊ាន។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង លើកឡើងថា យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) មានភាគច្រើន បំផុតនៅលើពិភពលោក។ ជាក់ស្តែងនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧%-៩៩% នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ ៦០%-៨០% នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះគឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជា ប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន។ ប៉ុន្តែកន្លងមកសង្កេតឃើញថា រាជរដ្ឋាភិបាល ក៏ដូចជាដៃគូសង្គមនានា មានការជួបប្រទះនូវបញ្ហា ប្រឈមសំខាន់ៗក្នុងការផ្តល់សេវា និងការធានាអនុលោមភាពតាមបទបញ្ញត្តិផ្សេងៗទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ ដែលនេះបណ្តាលមកពីកត្តាផ្សេងៗ ដូចជា៖ ការមិនស្ថិតនៅក្នុងប្រព័ន្ធការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Economy) និងកង្វះខាតការយល់ដឹងផ្នែកសុវត្ថិភាពការងារនៅកន្លែងធ្វើការជាដើមដែលជាហេតុធ្វើឱ្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមបណ្តាសហគ្រាសទាំងនេះនៅមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយនៅឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរ តួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ ពីកត្តាខាងក្រៅ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានខិតខំអនុវត្តគោល នយោបាយចំពោះសហគ្រាសធុនតូច និងមធ្យម និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន៖

ទី១- លើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ។

ទី២- លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជាការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។

ទី៣-ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់។

ទី៤- ជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករ និយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទី៥-  លើកទឹកចិត្តចូលរួមសកម្មភាពសង្គម សកម្មភាពមនុស្សធម៌។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង សង្ឃឹមថាអង្គសិក្ខាសាលាទាំងមូល នឹងរួមគ្នាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងវិធីសាស្រ្តថ្មីៗយ៉ាងផុលផុស ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារនៅក្នុងសហគ្រាសធុនតូច និងមធ្យម និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងតំបន់អាស៊ាន និងប្រទេសដៃគូអាស៊ាន។ ការកំណត់បាននូវឧត្តមានុវត្តន៍ និងវិធីសាស្រ្តផ្នែកសុវត្ថិភាព និងសុខភាពការងារ គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីផ្តល់ ធាតុចូលបន្ថែមទៀត ក្នុងការចងក្រងជាឯកសារ និងការបង្ហាញឱ្យឃើញអំពីការអនុវត្តល្អៗ ផ្នែកសុវត្ថិភាព និង សុខភាពការងារនៅក្នុងតំបន់អាស៊ាន ព្រមទាំងជាកាលានុវត្តភាព សម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងតំបន់អាស៊ាន ដើម្បីយកទៅអនុវត្ត ផងដែរ៕


 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ