• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៣ ព្រឹក

វាយសម្លាប់នារីសង្សារហើយអារកសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ÷ប្រជាពលរដ្ឋបានប្រទះឃើញគូសង្សារមួយគូដេកស្លាប់នៅក្នុងបន្ទប់ជួលដោយគេសង្ស័យថាជាភ្លើងប្រចណ្ឌធ្វើឲ្យភាគីខាងប្រុសវាយសម្លាប់នារីជាសង្សាររួចអារកសម្លាប់ខ្លួនតាមក្រោយ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នៅក្នុងបន្ទប់ជួលលេខ១៦ជាន់ទី២ នៅភូមិផ្សារកំបូលសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ។ភាគីខាងស្រីមានឈ្មោះ វឿន សីហា ហៅក្តឹប អាយុ១៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ទើបតែបាន ១សប្តាហ៍ មានស្រុកកំណើតនៅភូមិតាខែកឃុំទឹកជោរស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យមាន ឳពុកឈ្មោះ អ៊ន សាវឿនអាយុ៣៩ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ឃុន ធឿន អាយុ៤១ឆ្នាំ មុខរបរកសិករ។

ជនរងគ្រោះមានបងប្អូនបង្កើត៥នាក់ ប្រុស២ ស្រី៣ ហើយជនរងគ្រោះជាកូនទី២។ ចំណែកភាគីខាងបុរសត្រូវជាគូសង្សារមិនទាន់ស្គាល់អត្តសញ្ញាណមានអាយុប្រមាណជា២០ឆ្នាំ។តាមការរៀបរាប់ពីស្ត្រីត្រូវជាម្តាយមីងឈ្មោះ យិន ភឿន អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិជីកក្តាម ឃុំត្រពាំងល្ពៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថាក្មួយស្រីរបស់គាត់បានស្រឡាញ់គ្នាជាមួយបុរសខាងលើហើយបានសុំគាត់បែកមកជួលបន្ទប់ស្នាក់នៅជាមួយសង្សារទើបតែបាន១សប្តាហ៍។ លុះដល់ថ្ងៃទី១៧ខែតុលានេះគាត់ទូរស័ព្ទទៅមិនចូល ទើបគាត់មកតាមរកមើលឃើញបន្ទប់បិទទ្វារជិតហៅមិនឆ្លើយក៏ឲ្យអ្នកជិតខាងជួយគាស់បង្អួចបើកមើលក៏ស្រាប់តែឃើញពួកគេដេកស្លាប់ទន្ទឹមគ្នាបាត់ទៅហើយ។តាមការពិនិត្យបឋម ខាងស្រីមានស្នាមរបួសបែកមុខ រីឯខាងប្រុស មានស្នាមអារកអាចសន្និដ្ឋានបានថា ផ្តើមចេញពីរឿងភ្លើងប្រចណ្ឌដោយវាយសម្លាប់នាងជាសង្សារ ហើយទើបអារកសម្លាប់ខ្លួនឯងតាមក្រោយ។

ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ អាជ្ញាធរសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសួរធ្វើកោសល្យវិច័យនិងស្រាវជ្រាវរកសាច់ញាតិខាងប្រុស មុននឹងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ