• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៩ ល្ងាច

ក្រសួងពាណិជ្ជកម្មអំពាវនាវដល់ផលិតករកម្ពុជាត្រូវខិតខំអភិវឌ្ឍន៍ផលិតផលបម្រើទីផ្សារដោយផ្តោតយកចិត្តទុកដាក់លើគុណភាពផលិតផលសោភណភាពសុវត្តិភាពការវេចខ្ចប់

ខេត្តពោធិ៍សាត់÷តាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃចន្ទទី១៧ខែតុលាឆ្នាំ២០២២បានឲ្យដឹងថា លោក ស៊ាងថៃរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៧ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦_១៩ខែតុលាឆ្នាំ២០២២ នៅខេត្តពោធិ៍សាត់។ ពិធីនេះបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៦ខែតុលា ដោយមានការអញ្ជើញចូលរួមពីលោកពៅពិសិដ្ឋអភិបាលរងខេត្តពោធិ៍សាត់សភាពាណិជ្ជកម្មខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត អង្គការសមាគមសហគ្រាសក្នុងស្រុក និងពាណិជ្ជករកម្ពុជាប្រមាណ៦០នាក់។ថ្លែងក្នុងឱកាសបើកសម្ពោធពិព័រណ៍ លោករដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរនិងថ្លែងអំណរគុណចំពោះអាជ្ញាធរ ខេត្ត ដែលបានគាំទ្រ និងចូលរួមសហការជាមួយក្រសួង រៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីផ្តល់ឱកាសដល់កសិករផលិតករ និងសហគ្រាសក្នុងស្រុក បាននាំយកផលិតផលមកដាក់តាំងបង្ហាញ និងណែនាំដល់ទីផ្សារ។ ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការបានអំពាវនាវដល់ផលិតករកម្ពុជា ត្រូវខិតខំអភិវឌ្ឍន៍ផលិតផលឲ្យបានច្រើនមុខបន្ថែមទៀត សម្រាប់បម្រើទីផ្សារ ដោយផ្តោតលើការយកចិត្តទុកដាក់លើគុណភាពផលិតផល សោភណភាពសុវត្ថិភាពការវេចខ្ចប់ និងត្រូវមានតម្លៃសមរម្យទើបអាចចូលរួមប្រកួតប្រជែងជាមួយទំនិញបរទេសបាន។ គួររម្លឹកថាចាប់ពីថ្ងៃទី១៦_១៩ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តាមគន្លងប្រពៃណីខ្មែរ អមដោយការប្រណាំងទូកង ជាច្រើនគូមកពីឃុំសង្កាត់ផ្សេងជូនប្រជាជនក្នុងខេត្តបានទស្សនាផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ