• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៨ ព្រឹក

នាយករដ្ឋមន្រ្តីផ្តាំទៅមន្រ្តីកសិកម្ម និងអាជ្ញាធរ មិនត្រូវជិះសេះ មើលផ្តាយទេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមឲ្យមន្រ្តីចុះវាយតម្លៃប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ត្រូវពន្លឿនការងារ កន្លែងណាវាយតម្លៃហើយ សូមដឹកស្រូវពូជជូនប្រជាជនឲ្យបានទាន់ពេលវេលា បើកន្លែងណាមិនអាចដាំស្រូវបានត្រូវផ្តល់ពូជដំណាំ។ នេះជាការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង៦ពាន់នាក់នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផ្តាំទៅមន្រ្តីកសិកម្ម និងអាជ្ញាធរ មិនត្រូវជិះសេះ មើលផ្តាយទេ។ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងថា យើងត្រូវនៅជិតប្រជាពលរដ្ឋ យកចិត្តទុកដាក់តម្រូវការនានារបស់ពួកគាត់។
 សូមរំលឹកថា កន្លងទៅតាមរយៈសារជាសំឡេងរបស់សម្ដេចអគ្គតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី ៨ ខែតុលា សម្ដេចបានបញ្ជាក់ថា «ប្រជាជនបណ្ដាខេត្តដែលមានការលិចលង់ដោយចំនួនទឹកភ្លៀងបានបង្ហាញថា សរុបមាន ២២ ខេត្ត និងចំនួន៩៦ ស្រុកខណ្ឌ និង ៧៧០ ឃុំដែលបានលិចលង់។ ខូចខាតចំនួនជាងមួយសែនប្រាំម៉ឺនហិកតាស្រូវលិចទឹកដំណាំ រួមផ្សំទឹកលិចចំនួន ៤ម៉ឺន ១ពាន់ ២៤ហិកតា។ សម្ដេចបានបញ្ជាក់ថា ទឹកនៅកន្លែងខ្លះស្រក កន្លែងខ្លះក៏ឡើង ។ 

សម្តេចបញ្ជាក់ថា មូលដ្ឋានច្បាស់ជាកំពុងជួបបញ្ហា ពាក់ព័ន្ធនឹងបញ្ហាការខ្វះពូជស្រូវ ឬពូជដំណាំដែលទាមទារឲ្យថ្នាក់ជាតិត្រូវអន្តរាគមន៍ជាបន្ទាន់។ 

សម្តេចតេជោបានអំពាវនាវឲ្យធ្វើសកម្មភាពជាបន្ទាន់ ហើយបែងចែកមន្ត្រីចុះធ្វើការដោយម្ខាងចុះវាយតម្លៃរួមជាមួយនឹងខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីវាយតម្លៃពីខាងខូចខាត និងម្ខាងទៀតត្រៀមរៀបចំពូជដើម្បីបញ្ចេញពីឃ្លាំងស្តុក ដើម្បីបញ្ជូនពូជស្រូវ ឬពូជដំណាំទាំងនោះជូនប្រជាជន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ