• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៨ ព្រឹក

រដ្ឋមន្ត្រី ស៊ុន ចាន់ថុលចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅ កោះបាលី សាធារណៈរដ្ឋឥណ្ឌូណេស៊ី

កោះបាលី ៖ ថ្ងៃអាទិត្យ-ថ្ងៃចន្ទ ទី១៦-១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨ និង កិច្ចប្រជុំពាក់ព័ន្ធនានានៅកោះបាលី សាធារណៈរដ្ឋឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ (១) ពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តដឹកជញ្ជូន កូឡាឡុំពូរ ២០១៦-២០២៥ (Kuala Lumpur Transport Strategic Plan 2016-2025, KLTSP-2025) (២) កំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តផែនការ KLTSP-2025 នៅក្នុងឆ្នាំ២០២៣ និង (៣) ពិនិត្យសម្រេចលើរបាយការណ៍នៃកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥៤ ដែលទើបបញ្ចប់ ថ្មីៗ។

កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនទាំងអស់រួមមាន៖

(១) ការដឹកជញ្ជូនផ្លូវ អាកាស (២)ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ (៣)ការដឹកជញ្ជូនផ្លូវគោក (៤) ការសម្របសម្រួលការ ដឹកជញ្ជូន និង (៥) ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ 

ជាមួយគ្នានោះ អង្គប្រជុំក៏នឹងត្រៀមពិភាក្សាផងដែរលើការងារដែលត្រូវអនុវត្តបន្ត ជាពិសេស កិច្ចសហ ប្រតិបត្តិការជាមួយដៃគូសន្ទនានានាដូចជា៖ ជប៉ុន ចិន កូរ៉េ សហគមន៍អ៊ឺរ៉ុបជាដើម ក្នុងគោល បំណង ស្វែងរកប្រភពថវិកា និងជំនួយបច្ចេកទេសដើម្បីភាពជោគជ័យក្នុងភារកិច្ចអនុវត្ត KLTSP-2025។

គួរកត់សម្គាល់ថា៖ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨នេះ រដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរគឺ៖ (១) កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការរុករក និងសង្រ្គោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ (The ASEAN Agreement on Aeronautical and Maritime Search and Rescue Cooperation, SAR) និង (២)កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង សហភាពអ៊ឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន(The ASEAN-EU Comprehensive Air Transport Agreement, AE CATA)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ