• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៦ ព្រឹក

កម្ពុជាកំណត់ទិសដៅយកទេសចរវៀតណាម៧០ម៉ឺននាក់នៅឆ្នាំ២០២៣និង១លាននាក់នៅ ឆ្នាំ២០២៤

ភ្នំពេញ÷នៅរសៀលថ្ងៃទី១៣ខែតុលាឆ្នាំ២០២២ក្រសួងទេសចរណ៍បានបញ្ជាក់ថាកម្ពុជាបានកំណត់ទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឲ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣និងឲ្យបាន១លាននាក់នៅឆ្នាំ២០២៤ខណ:ភាគីទាំង២ក៏បានឯកភាពគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតដើម្បីរួមគ្នាសម្រេចឲ្យបានទិសដៅនេះ។ក្រសួងទេសចរណ៍បន្តថាការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយលោកង្វៀនហ៊ុយតាង(Nguyen Huy Tang)ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជានារសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០២២នៅទីស្តីការក្រសួងទេសចរណ៍។

នាឱកាសនោះលោករដ្ឋមន្ត្រីថោងខុនបានស្នើដល់លោកឯកអគ្គរដ្ឋទូតវៀតណាមជួយជំរុញសម្រេចឲ្យបានទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឲ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣និងឲ្យបាន១លាននាក់នៅឆ្នាំ២០២៤ខណ:ត្រឹមរយ:ពេល៨ខែឆ្នាំ២០២២កម្ពុជាទទួលបានបានភ្ញៀវទេសចរវៀតណាមជាង២៣ម៉ឺននាក់។លោករដ្ឋមន្ត្រីបានបន្តថាក្នុងពេលដែលសកលលោកមិនទាន់រួចផុតពីការរាតត្បាតជំងឺកូវីដ១៩សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជាកាជំរុញចលនាទេសចរណ៍ជាមួយប្រទេសជិតខាងឬក្នុងតំបន់គឺជាការសំខាន់បំផុតដូច្នេះភាគីកម្ពុជានិងវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាបន្ថែមទៀតដើម្បីជំរុញឲ្យមានចលនាទេសចរណ៍ទៅវិញទៅមកទាំងផ្លូវគោកផ្លូវអាកាសនិងផ្លូវទឹក។

ជាមួយគ្នានោះភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឲ្យកាន់តែប្រសើរឡើងពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពតខណ:កំពង់ផែទេសចរណ៍នេះក៏ត្រៀមដាក់ឲ្យដំណើរការនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខនេះ។

ចំពោះការតភ្ជាប់ផ្លូវអាកាសភាគីទាំង២បានជំរុញឲ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួនរួមមានសៀមរាប_កោះត្រល់ព្រះសីហនុ_ហាឡុងសៀមរាប_ហាយហ្វុងសៀមរាប_កាន់ថឺរខណ:គោលដៅទេសចរណ៍ទាំងនេះគឺសុទ្ធតែជាគោលដៅសំខាន់នៃប្រទេសទាំង២។ភាគីទាំង២ក៏បានឯកភាពគ្នាជំរុញចលនាទេសចរណ៍បើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំង២និងទៅប្រទេសទី៣។លោករដ្ឋមន្ត្រីបានស្នើភាគីវៀតណាមជួយបន្តផ្តល់អាហារូបករណ៍ដល់ការបណ្តុះបណ្តាលនិងការអភិវឌ្ឃធនធានមនុស្សក្នុងវិស័យទេសចរណ៍ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ការងារក្នុងវិស័យទេសចរណ៍។កន្លងមកភាគីវៀតណាមបានផ្តល់អាហារូបករណ៍និងវគ្គសិក្សាខ្លីៗជូននិស្សិត/សិក្ខាកាមកម្ពុជាសិក្សាជំនាញវិជ្ជាជីវ:ទេសចរណ៍ផងដែរ។

ភាគីទាំង២បានឯកភាពគ្នានឹងជំរុញការផ្លាស់ធុរកិច្ចនិងទស្សនកិច្ចរវាងវិស័យសាធារណ:និងឯកជនឲ្យបានច្រើនពិសេសវិស័យឯកជនដោយហេតុថាវិស័យឯកជនគឺភ្នាក់ងារដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរ។ម្យ៉ាងទៀតក៏នឹងជំរុញឲ្យមានការរៀបចំនិងចូលរួមព្រឹត្តិការណ៍ទេសចរណ៍ជាមួយគ្នាឲ្យបានច្រើនដើម្បីជំរុញការផ្សព្វផ្សាយពីគោលដៅទេសចរណ៍រវាងកម្ពុជានិងវៀតណាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ