• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣៩ ព្រឹក

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជំរុញឲ្យអាជ្ញាធរបន្តការងារបង្ក្រាបបទល្មើសនិងល្បែងស៊ី សងគ្រប់ប្រភេទជាប់ជាប្រចាំ

ភ្នំពេញ÷ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០២២នេះធ្វើឡើងក្រោមវត្តមានលោកម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកកើតឆែអភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោកឃួងស្រេងអភិបាលរាជធានីនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតនៅសាលារាជធានីភ្នំពេញ។
លោកម៉ប់សារិនបានមានប្រសាសន៍លើកឡើងថា÷លោកនៅតែស្នើឲ្យអាជ្ញាធរបន្តការងារបង្ក្រាបបទល្មើសនិងល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានជាប្រចាំអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរខណ្ឌសង្កាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ក្រាបល្បែងស៊ីសងទីកន្លែងទិញលក់បញ្ចាំផលចោរកម្មនៅក្នុងរាជធានីភ្នំពេញទទួលបានលទ្ធផលល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញអបអរសាទរគាំទ្រនិងមានប្រជាជនមួយចំនួនបានបាត់របស់ជាច្រើនឆ្នាំមកហើយប៉ុន្តែត្រូវបានរកឃើញមកវិញនៅក្នុងយុទ្ធនាការបង្ក្រាបរបស់អាជ្ញាធរយើងនេះ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីជាសំណូមពរប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញសុំឲ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចបន្តការបង្ក្រាបនេះជាបន្តបន្ទាប់ឲ្យដូចភ្លៀងរលឹម។
ជាមួយគ្នានោះចំពោះការងារសាធារណការនិងកែលម្អសោភណនៅក្នុងរាជធានីភ្នំពេញលោកប្រធានក្រុមប្រឹក្សាក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលបានខិតខំជំរុញការងារថែទាំផ្លូវថ្នល់និងជួសជុលផ្លូវគ្រលុកសំបុកមាន់នៅដើមផ្លូវជាតិចេញពីរាជធានីភ្នំពេញចំនួន៦ខ្សែនិងផ្លូវក្នុងរាជធានីភ្នំពេញចំនួន៣៤ផ្លូវបានល្អប្រសើរ។សម្រាប់ការងារបរិស្ថានអនាម័យនិងការគ្រប់គ្រងសគណល់ក្នុងត្រីមាសទី៣នេះជាមធ្យមការប្រមូលសំរាមមានបរិមាណ៣៧១៨,៧៩តោនក្នុងមួយថ្ងៃប៉ុន្តែការប្រមូលសំរាមឃើញថាអនុវត្តន៍បានល្អប្រសើរមិនមានការកកស្ទះកាកសំណល់និងសំរាមដែលធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានសោភណភាពនិងបរិស្ថានល្អ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ