• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០០ ព្រឹក

ពលរដ្ឋ៣៧០គ្រួសារដែលរងគ្រោះទឹកជំនន់នៅស្រុកតាំងគោក ទទួលបានអំណោយពីសម្ដេចទាំងទ្វេ

(កំពង់ធំ)៖ ប្រជាពលរដ្ឋសរុប៣៧០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកតាំងគោក ខេត្តកំពង់ធំ ទទួលបានអំណោយសង្គ្រោះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីដោះស្រាយការលំបាកនិងការខ្វះខាតក្នុងពេលជួបបញ្ហាគ្រោះទឹកជំនន់នារដូវវស្សានេះ។អំណោយទាំងនេះត្រូវបានប្រគល់ជូនប្រជាពលរដ្ឋតាមរយៈឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនោះមានប្រជាពលរដ្ឋមកពីភូមិគោកត្របែក តំបន់ទួលតាមុំ និងតំបន់បឹងករះ នៃឃុំស្រឡៅ ស្រុកតាំងគោក សរុប៣៧០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកស៉ីអ៉ីវ១យួរ និងទឹកត្រី១យួរ។

នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី  បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងស្ថានភាពដែលប្រជាជនកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់នារដូវវស្សានេះ ខណៈរាជរដ្ឋាភិបាលក៏កំពុងដុតដៃដុតជើងចុះជួយប្រជាជនរងគ្រោះផងដែរ។ឯកឧត្ដម ថោង ខុន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយកចិត្តទុកលើបញ្ហាសុខភាព ការទទួលអាហារនិងទឹកស្អាត/ឆ្អិន ប្រុងប្រយ័ត្នចំពោះកូនចៅនិងទ្រព្យសម្បត្តិរបស់ខ្លួន។

ឯកឧត្ដមក៏បានណែនាំបន្ថែមដល់គ្រូពេទ្យប្រចាំមណ្ឌលសុខភាពភូមិគោកត្របែក ក៏ដូចជាប្រធានមន្ទីរពេទ្យបង្អែកស្រុកត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះការបង្ការជំងឺ ការណែនាំពីបញ្ហាសុខភាព និងការផ្ដល់ថ្នាំបង្ការ/ថ្នាំព្យាបាលជូនប្រជាជន ក្នុងករណីមានបញ្ហាសុខភាពណាមួយ ដូចជា ថ្នាំរាគរូស ថ្នាំក្ដៅខ្លួន ថ្នាំគ្រុនឈាម ថ្នាំផ្ដាសាយជាដើម។

ម្យ៉ាងទៀត ឯកឧត្ដមប្រធានបានណែនាំដល់អាជ្ញាធរភូមិ/ឃុំត្រូវគិតគូរបន្ថែមលើបញ្ហាទឹកស្អាត និងត្រូវរួសរាន់ជួសជុលអណ្តូងស្នប់ដែលខូចជាបន្ទាប់ ដើម្បីមានទឹកសម្រាប់ឱ្យប្រជាជនប្រើប្រាស់និងទទួលទាន ពីព្រោះក្នុងរដូវទឹកជំនន់នេះ ការប្រុងប្រយ័ត្នចំពោះការលិចលង់ បញ្ហាសុខភាព ថ្នាំសង្កូវ និងបញ្ហាទឹកស្អាតនេះទៀតសោត គឺជាតម្រូវការដ៏សំខាន់សម្រាប់ប្រជាជន។ឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលបានផ្ដាំឱ្យត្រៀមពូជស្រូវ នៅពេលទឹកស្រកទៅវិញ ប្រជាកសិករក្នុងភូមិសាស្ត្រកភូមិគោកត្របែក ទួលតាមុំ និងបឹងកោះរះនឹងអាចធ្វើស្រែស្រូវនៅលើដីអាស្រ័យផលរបស់ខ្លួនវិញហើយ ខណៈកិច្ចការងារនេះគឺបានរៀបចំជូនប្រជាកសិករតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើរួចរាល់ហើយដែរ។

ជាមួយគ្នានោះ ឯកឧត្ដម ថោង ខុន ក៏បានទទួចដល់ប្រជាជនសូមកុំកាប់បំផ្លាញព្រៃលិចទឹក កុំឆក់ត្រី ឬប្រព្រឹត្តបទល្មើសនេសាទនានា ដើម្បីចូលរួមថែរក្សាការពារព្រៃលិចទឹក បង្កើនពូជត្រីក្នុងបឹងទន្លេសាប រក្សាស្ថិរភាពធនធានធម្មជាតិ។

ឯកឧត្ដមក៏បានណែនាំដល់ប្រជាពលរដ្ឋសូមកុំប្រព្រឹត្តល្បែងស៉ីសង អំពើអបាយមុខនានា ដើម្បីជៀសវាងការ អន្តរាយនានាដែលកើតឡើងពីការប្រព្រឹត្តខុសច្បាប់ទាំងនោះ។

ឯកឧត្ដម ថោង ខុន ក្នុងនាមជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងតាំងគោក បានថ្លែងប្រាប់ប្រជាជនថា គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងតែគិតគូរចំពោះសុខទុក្ខប្រជាជនជាប្រចាំនិងគ្រប់កាល់ទេសៈ គណបក្សប្រជាជនកម្ពុជាមិនដែលសន្យាទេ ប៉ុន្តែធ្វើជូនប្រជាជនជាក់ស្ដែងតែម្ដង ដូច្នេះសូមប្រជាជនបន្តការជឿទុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសតទៅទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ