• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៣ ព្រឹក

ក្រសួងការងារចុះMOUជាមួយក្រុមហ៊ុនឌីលីវើរីហេរ៉ូ(ខេមបូឌា)ឯ.ក(Foodpanda)ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ធនធានមនុស្សតាមរយ:ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:

ភ្នំពេញ÷លោកបណ្ឌិតអ៉ិត សំហេង នាព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២បានអញ្ជើញជអធិបតីក្នុងពិធីចុះអនុស្សរណ:នៃការយោគយល់គ្នា(MOU)រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:និងក្រុមហ៊ុនឌីលីវើរីហេរ៉ូ(ខេមបូឌា)ឯ.ក(Foodpanda)។អនុស្សរណ:នេះត្រូវបានចុះហត្ថលេខារវាងលោកងុយរិទ្ធរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:និងលោកស្រីPichaya Thongthua នាយកគ្រប់គ្រងស្តីរបស់ក្រុមហ៊ុនឌីលីវើរីហេរ៉ូ(ខេមបូឌា)ឯ.ក(Foodpanda)។អនុស្សរណ:ដែលមានរយ:ពេល២ឆ្នាំនេះមានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងគូភាគីក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:និងការចូលរួមក្នុងព្រឹត្តិការណ៍នានា។លោកបណ្ឌិត អិត សំហេង បានថ្លែងអំណរគុណនិងកោតសរសើរដល់ក្រុមហ៊ុនដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងការបង្កើតឱកាសការងារដល់យុវជនជិត១ពាន់នាក់ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន។លោករដ្ឋមន្ត្រីមើលឃើញថានៅក្នុងការបិទខ្ទប់ដោយសារការគំរាមកំហែងដោយសារកូវីដ_១៩ Foodpanda បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ។លោកបណ្ឌិតអ៉ិតសំហេងបញ្ជាក់ថាគោលបំណងនៃពិធីចុះហត្ថលេខាក្នុងថ្ងៃនេះដើម្បីបង្កើតកិច្ចសហការគ្នាផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ទាំងជំនាញរឹងនិងជំនាញទន់ដើម្បីឲ្យបុគ្គលិកនិងអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនទាំងអស់ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ទាំងនេះហើយក៏ជាការផ្តល់កិច្ចគាំពារបន្ថែមទៅដល់បុគ្គលិកនិងអ្នកដឹកជញ្ជូនទៅជាសមាជិកបេឡាជាតិសន្តិសុខសង្គមដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗទៀតខណ:កន្លងមកក្រុមហ៊ុនក៏បានផ្តល់សេវាធានារ៉ាប់រងជាពិសេសគ្រោះថ្នាក់ចរាចរណ៍ទៅដល់ផ្នែកអ្នកដឹកជញ្ជូន។

នាឱកាសនោះលោកស្រីPichaya Thongthuaនាយកគ្រប់គ្រងស្តីទីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីការចូលរួមចំណែករបស់ក្រុមហ៊ុននៅក្នុងការចូលរួមដោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងវឌ្ឍភាពរយ:ពេល៣ឆ្នាំដែលក្រុមហ៊ុនបានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

លោកស្រីយល់ឃើញថាបន្ទាប់ពីមានកិច្ចព្រមព្ររៀងនេះជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ការអភិវឌ្ឍធនធានមនុស្សរបស់ក្រុមហ៊ុនទាំងជំនាញរឹងនិងជំនាញទន់កាន់តែមានគុណភាព។លោកស្រីបន្ថែមថាតាមរយ:ការអនុវត្តអនុស្សរណ:ក្រុមហ៊ុនក៏បានបង្ហាញឆន្ទ:ក្នុងការលើកទឹកចិត្តនិងជំរុញឲ្យបុគ្គលិករបស់ខ្លួនមកកំណត់អត្តសញ្ញាណនៅបេឡាជាតិសន្តិសុខសង្គម។ក្រុមហ៊ុននឹងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពនៃគម្រោងជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារបន្ទាប់ពីការចុះអនុស្សរណ:នេះ។លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឲ្យខាងក្រុមហ៊ុនរៀបចំកម្មវិធីលើកទឹកចិត្តចំពោះអ្នកដឹកជញ្ជូនឆ្នើមពោលគឺបុគ្គលិកដឹកជញ្ជូនដែលគិតគូរគោរពច្បាប់ចរាចរណ៍បរិស្ថាននិងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

មិនតែប៉ុណ្ណោះឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យពង្រីកសាខារបស់ខ្លួនឲ្យបានច្រើនដើម្បីបង្កើនឱកាសការងារដល់យុវជននិងផ្គត់ផ្គង់ម្ហូបអាហារដល់ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនទៀត។

ខាងតំណាងក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីដែលបានយកចិត្តទុកដាក់លើកទឹកចិត្តនិងផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនៗនឹងទទួលយកអនុសាសន៍ណែនាំនេះទៅអនុវត្តន៍ឲ្យទទួលបានជោគជ័យស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន។

គួរជម្រាបដែរថាFoodpandaគឺជាយីហោវេទិកាចែកចាយអាហារនិងគ្រឿងទេសដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនDelivery Heroដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៊ែឡាំងប្រទេសអាល្លឺម៉ង់។ក្រុមហ៊ុននេះដំណើរការម៉ាកយីហោចំនួន២០នៅក្នុងប្រទេសប្រហែល៥០នៅទូទាំងទ្វីបចំនួន៤។ បច្ចុប្បន្នម៉ាកយីហោ Foodpanda ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួន១៤នៅទូទាំងអាស៊ីប៊ុលហ្គារីនិងរ៉ូម៉ានីត្រូវបានទិញដោយ Delivery Heroក្នុងខែធ្នូឆ្នាំ២០១៦។ក្រុមហ៊ុននេះបានឈានជើងចូលទីផ្សារកម្ពុជាដោយបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩។សកម្មភាពអាជីវកម្មចម្បងរបស់Foodpandaគឺជាទីផ្សារអនឡាញនិងសេវាកម្មដឹកជញ្ជូន។ Foodpanda ផ្តល់សេវាកម្មដឹកជញ្ជូនអាហារនិងគ្រឿងទេសដល់អតិថិជនតាមរយ:កម្មវិធីទូរស័ព្ទវៃឆ្លាត(smart phone)របស់អតិថិជន។វត្តមានរបស់Foodpandaបានសម្រួលឲ្យភោជនីយដ្ឋាននិងម្ចាស់ហាងដៃគូនានាអាចបង្ខិតគ្រឿងទេសនិងម្ហូបអាហារទៅជិតអតិថិជនតាមរយ:ប្រព័ន្ធបច្ចេកវិទ្យាដែលសក្តិសមនឹងសង្គមបដិវត្តឧស្សាហកម្មជំនាន់ទី៤៕

 

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ