• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៩ ព្រឹក

កិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣!

ប្រទេសវៀតណាម៖ នារសៀលថ្ងៃទី១ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Quam Nam ប្រទេសវៀតណាម ឯកឧត្តម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ លោកបណ្ឌិត ហា វ៉ាន់ ស៊ាវ (Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍​វៀតណាម ដោយមានលទ្ធផលដូចខាងក្រោម៖ បានពិនិត្យលើវឌ្ឍនភាពការងារ និងលទ្ធផលសម្រេចបានក្នុងការអនុវត្តស្មារតីនៃកិច្ចប្រជុំក្រុមការងាររួមទេសចរណ៍កម្ពុជា-វៀតណាមលើកទី២ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្ទាល់ និងអនឡាញនៅខេត្តកែប។ ភាគីទាំងពីរក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៤ ដែលផ្តោតលើកិច្ចប្រតិបត្តិការសំខាន់ចំនួន ០៤ រួមមាន៖

១)- ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន

២)- ការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“

៣)- ការចែករំលែកបទពិសោធន៍ និងព័ត៌មាន

៤)- ការអភិវឌ្ឍន៍ និងការតភ្ជាប់ផលិតផលទេសចរណ៍រវាងប្រទេសទាំងពីរ ដូចជាការចូលរួមចែករំលែកបទពិសោធន៍ដល់ ការអភិវឌ្ឍន៍កសិទេសចរណ៍ ដោយផ្តោតជាពិសេសលើការរៀបចំសួនផ្កា និងសួនដំណាំ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិរី ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥

៥)- ជំរុញព្រឹត្តិការណ៍ទេសចរណ៍កីឡា ដូចជា កីឡាវាយកូនហ្គោល ប្រណាំងកង់ កីឡាលើឆ្នេរសមុទ្រនិងកីឡាលើទឹក រៀងរាល់ឆ្នាំក្នុងប្រទេសទាំងពីរ

៦)- រួមគ្នាជំរុញទេសចរណ៍ម្ហូបអាហារ

៧)- តភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និងកសាងកញ្ចប់ទេសចរណ៍នាវារួមគ្នាដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍សមុទ្រខាងត្បូង ជាពិសេសផ្លូវសមុទ្រថ្មី កំពង់ផែទេសចរណ៍កំពត-កំពង់ផែទេសចរណ៍ Bai Vong។

 គួរបញ្ជាក់ផងដែរ អនុវត្តតាមស្មារតីនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី២ និងស្មារតីនៃជំនួបពិសេសរវាងរដ្ឋមន្រ្តីទេសចរណ៍ទាំងពីរកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សកម្មភាពក្នុងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរត្រូវបានអនុវត្តយ៉ាងផុលផុស ហើយកំណើនទេសចរវៀតណាមមកកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយ ៨ខែដើមឆ្នាំ២០២២នេះ ទេសចរវៀតណាមប្រមាណ ២៤ម៉ឺននាក់បានមកកំសាន្តនៅកម្ពុជា កើនឡើងជាង៣០០០%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ