• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៨ ព្រឹក

អាជ្ញាធរជាតិអប្សរាគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះឡើងវិញពេលអាកាសធាតុអំណោយផល

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានជំនាញគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល ជារួមនៅពេលដែលទីតាំងថ្មដែលរបេះនោះស្ងួតល្អវិញ។លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានរាយការណ៍ថា ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬលួចយកនោះទេ។ លោករំឭកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍បានប្រទះឃើញផ្ទៃមុខអប្សរា ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាព ដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះ របេះចេញពីទីតាំងដើម និងបានរាយការណ៍ទៅផ្នែកពាក់ព័ន្ធ ពិសេសផ្នែកអភិរក្ស ដើម្បីមកពិនិត្យ។អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការដោយផ្ទាល់នៅប្រាសាទតាព្រហ្ម រំឭកទៀតថា ក្រោយអ្នកជំនាញត្រួតពិនិត្យរួចឃើញថា រូបខាងលើគឺបានជ្រុះធ្លាក់ដោយសារអាយុកាល និងធម្មជាតិ ពុំមែនជាសកម្មភាពរបស់មនុស្សលួចដាប់ឡើយ។

លោកស្រី នេត ស៊ីម៉ន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅប្រាសាទតាព្រហ្ម លើកឡើងថា លោកស្រីបានទទួលព័ត៌មានពីករណីខាងលើពីក្រុមភ្នាក់ងារទេសចរណ៍ និងបានចុះទៅពិនិត្យជាមួយផ្នែកពាក់ព័ន្ធ ដូចជានគរបាលបេតិកភណ្ឌជាដើម។ តាមការវាយតម្លៃ ផ្ទៃមុខអប្សរានោះ គឺរបេះមកដោយខ្លួនឯង ដោយមានស្នាមប្រេះយូរហើយ តែគេមើលមិនឃើញ។លោកស្រីបន្ថែមថា តាមការសង្កេតផ្ទៃថ្មដែលជាប់ជញ្ជាំង គឺមានកូនឫសឈើដើមត្រាងចាក់ចូល ហើយមានស្នាមប្រេះស្រាប់ផងនោះ ទើបឫសឈើវាបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់។ យ៉ាងណាលោកស្រី នេត ស៊ីម៉ន បញ្ជាក់ថា ជាសំណាងល្អផ្ទាំងមុខអប្សរាបានជ្រុះទើរឬសឈើ មិនដូច្នោះទេ អាចឱ្យបែកដោយងាយ។

មន្រ្តីរូបនេះបញ្ជាក់ទៀតថា បច្ចុប្បន្នផ្ទៃមុខដែលជ្រុះនោះ ត្រូវបានរក្សាទុកនៅទីមានសុវត្ថិភាព និងរង់ចាំពេលវេលាអំណោយផល អាកាសធាតុល្អឡើងវិញ នោះក្រុមការងារភាគីឥណ្ឌា ដែលសហការជួសជុលប្រាសាទតាព្រហ្ម នឹងយកមកបិទឡើងវិញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ