• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៧ ព្រឹក

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យថាមានបង្កប់លេងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០នាទីព្រឹក គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកចៅរងទី១សង្កាត់បឹងត្របែក, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងត្របែក, លោកប្រធានសន្ដិសុខផ្សារបឹងត្របែក, លោកប្រធានសន្ដិសុខខារ៉ាអូខេជាន់ទី៤ និងមន្ត្រីពាក់ព័ន្ធ។យោងតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន កងមាស ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដែលថានៅផ្សារបឹងត្របែក ជាន់ទី៤ មានបង្កប់លេងល្បែងស៊ីសងខុសច្បាប់ និងអនុវត្តតាមបញ្ជាដ៏ម៉ឹងម៉ាត់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្រុមការងារបានចុះមកដល់ទីតាំងផ្សារ បានពិនិត្យឃើញថា៖

-ជាន់ក្រោមដីៈ ជាចំណត់ម៉ូតូ

-ជាន់ Eo(ផ្ទាល់ដី): ជាកន្លែងសម្រាប់បងប្អូនអាជីករលក់ដូរធម្មតា

-ជាន់ទី១: ជាទីស្នាក់ការរបស់ផ្សារ, ជួលជាការិយាល័យចំនួន ០៤បន្ទប់ និងផ្នែកកណ្ដាលជាលំហរ

-ជាន់ទី២ និងទី៣: ជាចំណតយានយន្ត

-ជាន់ទី៤: ជាទីតាំងខារ៉ាអូខេ មានចំនួន ១៧បន្ទប់ និងបន្ទប់សម្រាប់បុគ្គលិកស្នាក់នៅ ចំនួន ១៣បន្ទប់ ហើយមានអាជ្ញាប័ណ្ណទេសចរណ៍លេខ ៦៧០/២២ លអ.ច្រ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ និងវិញ្ញាបនបត្រចុះបញ្ជីលេខ MOC-89791950 ពណ.ចកបព ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ចេញដោយក្រសួងពាណិជ្ជកម្ម។បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យតាមបន្ទប់ខារ៉ាអូខេ និងបន្ទប់បុគ្គលិកទាំងអស់ខាងលើ មិនបានរកឃើញទីតាំងដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសងខុសច្បាប់ ដូចតាមរូបភាពចុះផ្សាយរបស់អង្គភាពសារព័ត៌មាន កងមាស នោះឡើយ។ តាមការសន្និដ្ឋានតាមរូបភាពដែលបានចុះផ្សាយខាងលើ ពុំមែននៅទីតាំងផ្សារបឹងត្របែក ផ្លាហ្សានោះទេ។ដូចនេះក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងផ្សារខាងលើ ហាមមិនអោយមានការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រាប់តាំងពីកន្ទុយលេខ នៅក្នុងជួរអាជីវករ ដែលកំពុងធ្វើអាជីវកម្មឡើងទៅ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ