• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៣ ព្រឹក

កម្ពុជា នឹងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិនិយោគ និងពាណិជ្ជកម្ម និងឌីជីថលូបនីយកម្ម

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែតុលា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមលក្ខណៈចូលរួមនៅក្នុងពិធីសម្ពោធ និងការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement - CEPA) រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

បើតាមលោកស្រី តឹករ៉េត កំរង បានបញ្ជាក់ឱ្យដឹងថា កិច្ចព្រមព្រៀង CEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សំដៅពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិនិយោគ និងពាណិជ្ជកម្ម ឌីជីថលូបនីយកម្ម និងវិស័យសំខាន់ៗផ្សេងទៀត ឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកស្រី រដ្ឋលេខាធិការ ក៏បានជំរុញឱ្យក្រុមការងារជំនាញតាមក្រសួង-ស្ថាប័ននីមួយៗ បន្តធ្វើការសិក្សាស្រាវជ្រាវឱ្យបានលម្អិតអំពីកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច, បញ្ហាប្រឈម និងយុទ្ធសាស្រ្តនានា ក្នុងការទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាក់ព័ន្ធ ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀង CEPA នេះ ព្រមទាំងរៀបចំផែនការក្នុងដំណើរការចរចាឱ្យបានគ្រប់ជ្រុងជ្រោយ។

អង្គប្រជុំក៏បានចែករំលែក និងផ្លាស់ប្តូរជូនគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនានាក្នងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី ដើម្បីជាធាតុចូលសម្រាប់ក្រុមការងារជំនាញតាមក្រសួង-ស្ថាប័ននីមួយៗ អាចយកទៅអនុវត្តក្នុងការពិនិត្យលទ្ធភាពចរចាបង្កើតកិច្ចព្រមព្រៀង CEPA នាពេលខាងមុខ។

អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយម លើអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលអាចទទួលបានពីការបង្កើតកិច្ចព្រមព្រៀង និងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀង CEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះ សំដៅបន្តធ្វើពិពិធកម្មទីផ្សារ, បង្កើតកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ និងទាក់ទាញការវិនិយោគផ្ទាល់បរទេស ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុបន្តលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប់រួម មានប្រមាណ ១៥១លានដុល្លារ មានការកើនឡើង ៥២% បើប្រៀបនឹងឆ្នាំ២០២០ ដែលមានទំហំពាណិជ្ជកម្មប្រមាណ ៩៩លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ