• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៥ ព្រឹក

អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការជួសជុល និងតុបតែងដងផ្លូវឱ្យបានស្អាត ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេម

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការតុបតែងលំអរបំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ លាបថ្នាំឃឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំង មួយចំនួន ដែលរងការ ខូចខាត។ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះ ឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាល ជាមួយនឹងការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចូលរួមសហការ ខណៈដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

ការណែនាំបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ក្រោយបញ្ចប់រដូវវស្សាយើងតែងតែធ្វើការជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ តែសម្រាប់ឆ្នាំនេះ វាពិសេសថែមទៀត នោះគឺត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ដែលការងារនេះត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ការងារមួយនេះមិនមែនពឹងតែលើមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនោះទេ ដាច់ខាតត្រូវតែមានការចូលរួម ពីអាជ្ញាធរខណ្ឌទាំង១៤ សហការ និងចូលរួមទើបការងារនេះ ដំណើរការទៅដោយរលូន ដូចជាត្រូវត្រួតពិនិត្យមើល ផ្លូវ លូ អំពូលភ្លើងដែលខូច របាំងថ្មពុះចែកទ្រូងផ្លូវ ដើម្បីរាយការណ៍ឱ្យមានការជួសជុលឡើងវិញ។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា យើងមានព្រឹត្តកាណ៍ធំៗជាច្រើន ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ។ ដូច្នេះការងារដែលត្រូវអនុវត្តនោះ គឺរួមគ្នាធ្វើយ៉ាងណាឱ្យភ្នំពេញ មានសោភណ្ឌភាពស្រស់ស្អាត ដើម្បីទទួលប្រតិភូ ដល់ជាង៤០ប្រទេសដែលត្រូវមកប្រជុំនៅរាជធានីភ្នំពេញ។គួរបញ្ជាក់ថា កំណាត់ផ្លូវចំនួន៥៦ខ្សែ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជួសជុលកែលំអរឱ្យប្រសើរឡើង ក្នុងនោះសម្រាប់មហាវិថីធំៗ ដែលបាននិងកំពុងជួសជុល មានដូចជាផ្លូវស៊ីសុវត្ថិ ផ្លូវ៤៧ សហព័ន្ធរុស្ស៊ី ផ្លូវជាតិ៦អា និងផ្លូវមេគង្គជាដើម ហើយការងារនឹងត្រូវបញ្ចប់១០០% ចុងខែនេះហើយ។ សម្រាប់ការងារតុបតែងផ្កា សួនច្បារ ភ្លើងបំភ្លឺ ក៏ជាការងារចំបងដែលត្រូវអនុវត្តឱ្យបានប្រសើរឡើងផងដែរ៕

 

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ