• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១១ ព្រឹក

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ថ្ងៃទី៦ខែតុលាឆ្នាំ២០២២

ភ្នំពេញ÷ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាក្រសួងបានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមានក៏ដូចជាស្របតាមស្មារតីចង់បានដំណាងភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។ នៅរសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០២២នេះក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយលើកទី១៩ដោយមានលោកទេសរុក្ខាផលអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ក.ប.ជាអ្នកសម្របសម្រួលនិងជាប្រធានអង្គប្រជុំតំណាងភាគីកម្មករនិយោជិតរួមមានលោកស្រីវីសុវណ្ណឌី,និងលោកស្រីហៃសុភាពនិងតំណាងភាគីនិយោជករួមមានលោកស្រីឌីសីហានិងលោកស្រីរស់ប៊ុនឡេង។

ឆ្លងតាមរយ:កិច្ចពិភាក្សាយ៉ាងផុសផុលភាគីទាំង២នៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំង២អាចទទួលយកបានព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឲ្យយកចូលធ្វើការវិញរីឯភាគីតំណាងនិយោជកមិនអាចទទួលឲ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះភាគីទាំង២ ឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃព្រហស្បត្តិ៍ទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ដើម្បីមានឱកាសពិចារណាឡើងវិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ជាថ្មីម្តងទៀតក្រសួងស្នើឲ្យភាគីទាំង២មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធដោយសន្តិវិធីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ:និងត្រូវរក្សាភាពស្ងប់ស្ងាត់។

ក្រសួងក៏សូមជម្រាបជូនបុគ្គលផ្សេងទៀតដែលមិនេពាក់ព័ន្ធនឹងករណីវិវាទនេះសូមកុំចូលរួមក្នុងការតវ៉ា។

យោងតាមនីតិវិធីច្បាប់ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សារនីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការដើម្បីរកដំណោះស្រាយចុងក្រោយ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបតាមការគួរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ