• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៩ ព្រឹក

ថៃបន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកTVETឲ្យកាន់តែមានគុណភាពសំបូរបែប

(ភ្នំពេញ)៖ ថៃសន្យាជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា លើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យមានគុណភាព កាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឲ្យមានវិបុលភាព ស្របតាមការរីកចម្រើនរបស់បច្ចេកវិទ្យាពិភពលោក។

ការសន្យាបែបនេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លើការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការធ្វើបច្ចុប្បន្នភាពលើស្ថានភាពកិច្ចសហប្រតិបត្តិការបច្ចុប្បន្នផង នៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានស្វាគមន៍ និងថ្លែងអណរគុណដល់ប្រតិភូក្រសួងឧត្តមសិក្សា វិទ្យាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត (MHESI) ដែលបានមកធ្វើទស្សនកិច្ចសាជាថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណ ដល់ MHESI ដែលនឹងផ្តល់អាហាររូបករណ៍ជាក់លាក់ ដល់មន្ត្រី គ្រូបច្ចេកទេស និងនិស្សិតនៅតាមគ្រឹស្ថានអប់រំបណ្តុះបណ្តាល TVET របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas មានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-ថៃ មានវប្បធម៌ ទំនៀមទំលាប់ស្រដៀងគ្នាតាំងពីបុរាណកាលមក។ ដូច្នេះ ឯកឧត្តម បានដឹកនាំគណៈប្រតិភូប្រមាណ៥០នាក់មកកាន់កម្ពុជាសារជាថ្មីនេះ មកចងសម្ព័ន្ធភាពជាមួយក្រសួងស្ថាប័នមួយចំនួនរបស់កម្ពុជា ដើម្បីឲ្យក្រសួងស្ថាប័ននៃប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំបន្ថែមមួយកម្រិតទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អុិតសំហេង ក៏បានសំណូមពរឱ្យភាគីថៃជួយក្នុងការពង្រឹងប្រព័ន្ធឌីជីថលសម្រាប់អភិបាលកិច្ច និងរដ្ឋបាល TVET, លើកកម្ពស់ការផ្សព្វផ្សាយជំរុញការចុះឈ្មោះចូលរៀន TVET ក៏ដូចជាលើកកម្ពស់ការស្រាវជ្រាវ និងនវានវត្ត TVET​ តាមរយេៈការជម្រុញឱ្យមានទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas ក៏បានស្វាគមន៍ចំពោះការបើកអោយមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកម្ពុជានៅវិទ្យាស្ថានល្បីចំនួនបីនៅប្រទេសថៃ ដែលមានជំនាញបណ្តុះបណ្តាលលើ ផ្នែកវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រការវិនិយោគ និងលើកកំពស់សមត្ថភាពឧស្សាហកម្មជាដើម។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានអរគុណដល់ភាគីថៃ ដែលបានផ្តល់ការគាំទ្រ និងជួយកម្ពុជាលើផ្នែកបណ្តុះបណ្តាលធនធានមនុស្សនេះ ហើយឯកឧត្តមបណ្ឌិតនឹងជ្រើសរើសពេលវេលាសមរម្យណាមួយដើម្បីរៀបចំគណៈប្រតិភូដែលមានជំនាញតាក់តែងគោលនយោបាយផ្នែកTVET បានទៅសិក្សាស្វែងយល់បន្ថែមទៀតទៅលើវិទ្យាស្ថានធំៗទាំងបីតបតាមការអញ្ជើញពីសំណាក់ភាគីថៃ។

គួរបញ្ជាក់ជូនដែរថា ក្រុមការងារបច្ចេកទេសជាន់ខ្ពស់នៃភាគីទាំងពីរបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំ ដាច់ដោយឡែកលម្អិតលើការផ្តល់អាហារូបករណ៍ (ដែលជាលទ្ធផលនៃកិច្ចពិភាក្សា គ្នាលើកមុនកាលពីថ្ងៃទី០៥ ខែសីហា ២០២២) ដើម្បី ៖
• កំណត់ពីតម្រូវការអភិវឌ្ឍធនធានមនុស្សរវាងភាគីទាំងពីរ
• រួមគ្នាកំណត់ពីវិធីសាស្ត្រក្នុងការបែងចែកអាហាររូបករណ៍ និងចំនួនអាហាររូបករណ៍សរុបដែលនឹងផ្តល់ឱ្យ
• លើកម្ពស់កិច្ចសហប្រតិបត្តិការអប់រំកម្ពុជា-ថៃ
• ពិនិត្យមើលលទ្ធភាពក្នុងការបង្កើតអនុស្សរណៈយោគយល់គ្នាកម្ពុជា-ថៃ​ ទាក់ទងនឹងការផ្តល់អាហារូបករណ៍នេះ

ចំពោះលទ្ធផលកិច្ចសហការ ជាមួយភាគីថៃកន្លងមក បានកសាងហេដ្ឋារចនាសម្ព័ន្ធ អគារ បំពាក់ឧបករណ៍សម្ភារៈ បំប៉នសមត្ថភាពថ្នាក់ដឹកនាំ គ្រូ របស់វិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា-ថៃ, បានបញ្ជូនមន្ត្រីរាជការថ្នាក់កណ្តាល និងតាមគ្រឹះស្ថានTVET ទៅបណ្តុះបណ្តាលនៅប្រទេសថៃ ពីឆ្នាំ ២០១៧-២០១៩ បានចំនួន១១២នាក់ និងភាគីថៃបានបញ្ជូនគ្រូមកធ្វើការបណ្តុះបណ្តាលដល់ គ្រូបច្ចេកទេសនៅតាមគ្រឹះស្ថាន TVET នៅតាមព្រំដែនក្នុងប្រទេសកម្ពុជាពីឆ្នាំ២០១៧-២០១៩ បានចំនួន១០០នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ