• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៥ ល្ងាច

ការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន សម្រេចបាន ៧០% នៃផែនការ។

(ត្បូងឃ្មុំ) ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម" និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រោមគម្រោងសម្តេចតេជោ ការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ សម្រេចបានប្រមាណ ៧០% នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៥ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១០៨០ គ្រាប់។

ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ។

ក្នុងឱកាសនោះ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ បានពាំនាំនូវសេចក្តនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងបោសម្អាតមីន កម្លាំងនគរបាលការពារព្រំដែន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ ផងដែរ។

ការចុះពិនិត្យ និងសំណេះសំណាលនេះ អមដំណើរដោយ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំអាជ្ញាធរមីន ឯកឧត្តម សែម រតនា អគ្គនាយករងនៃមជ្ឈមណ្ឌល NPMEC តំណាងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ