• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៤ ព្រឹក

រាជរដ្ឋាភិបាលសម្រេចរៀបចំដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ

រាជរដ្ឋាភិបាល បានសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់ នៃអតិផរណានេះក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋ ងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងផែនការ ដែលជាសេនាធិការ នឹងចាប់ផ្តើមកំណត់អត្តសញ្ញាណ គ្រួសារងាយ រងហានិភ័យ នៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគោលដៅដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះ ដែលលក្ខណសម្បត្តិឆ្លើយតបទៅលក្ខខណ្ឌវិនិច្ច័យនៃគ្រួសារ ប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេស នឹងទទួលបានការវាយតម្លៃ តាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការ គាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។

សេចក្តីប្រកាសនេះបានបញ្ជាក់ទៀតថា ភាពងាយរងគ្រោះនៃ «គ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ» ត្រូវបានកំណត់ដោយផ្តោតលើ គ្រួសា ដែលរស់នៅកៀក នឹងបន្ទាត់នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចតទៅ៖

ជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។

កម្រិតប្រាក់ឧបត្ថម្ភ, យន្តការ, នីតិវិធី, និងកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តី សម្រេចរបស់ប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គម នាពេលក្រោយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ