• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៥ ព្រឹក

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងដាក់ឱ្យសាកល្បងដោយឥតគិតថ្លៃរយៈពេលមួយខែ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសឱ្យដឹងថា ផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ នឹងអនុញ្ញាតឱ្យសាធារណជនប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេលមួយខែ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។តាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនពីម្សិលមិញ  គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់អ្នកប្រើប្រាស់ផ្លូវនេះ។

សេចក្ដីប្រកាសបន្តថា ក្រសួងនិងក្រុមហ៊ុនវិនិយោគនឹងអនុញ្ញាតឱ្យសាធារណជនប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

សេចក្ដីប្រកាសបន្ថែមថា៖ «យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវនេះ រួមមានរថយន្តគ្រប់ប្រភេទដែលមានល្បឿនអតិបរមាលើសពី ៧០គ.ម/ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៥០០CC ឡើងទៅ»។

យ៉ាងណាក្រសួង អាជ្ញាធរសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិមិនអនុញ្ញាតឱ្យបុគ្គលណាប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ។

ក្រសួងសាធរណការ និងដឹកជញ្ជូនបានក្រើនរំលឹកដល់សាធារណជនឱ្យចូលរួមគោរពបទបញ្ជា និងសេចក្តីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

លោក ហ៊ាង សុទ្ធាយុត្តិ  អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្នុងកំឡុងដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនរយៈពេលមួយខែ គឺមិនត្រូវឱ្យបង់ប្រាក់នោះទេ ប៉ុន្តែនៅពេលសម្ភាធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺតម្រូវឱ្យបង់ប្រាក់ចាប់ពី១២ដុល្លារឡើង និងរថយន្តដឹកទំនិញអាចលើពីនេះទៅតាមការកំណត់ ដែលក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។ឆ្លើយតបទៅអ្នកដែលរិះគន់ផ្លូវល្បឿនលឿនលើករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារសត្វពាហនៈឆ្លងកាត់ផ្លូវនេះ លោកនិយាយថា ពិតជាមានករណីនេះកើតឡើងមែនកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែបញ្ហានេះបង្កឡើងដោយសារតែប្រជាពលរដ្ឋដែលទៅអាស្រ័យផលនៅទីនោះដករនាំងការពារសត្វឆ្លងកាត់ផ្លូវចេញ។

លោកបន្តថា បញ្ហានេះកំពុងត្រូវបានយកចិត្តទុកដាក់ពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដោយបានណែនាំពួកគាត់តាមនីតិវិធីទន់ភ្លន់ និងបានអំពាវនាវឱ្យមានការចូលរួមដើម្បីសុវត្ថិភាព និងភាពរីកចម្រើនរបស់ប្រទេស។

លោកពន្យល់បន្ថែមលើករណីនេះថា៖ «ក្នុងដំណាក់កាលសាងសង់ផ្លូវល្បឿនលឿន ក៏មានអ្នកបើកបរលើផ្លូវនេះផងដែរក្នុងបេសកកម្មដែលបានសុំការអនុញ្ញាតពីក្រសួង ប៉ុន្តែត្រូវបើកបរក្នុងស្មារតីទទួលខុសត្រូវ។ ការអនុញ្ញាតដាក់ឱ្យសាកល្បង គឺជាដំណាក់កាលទី២ ហើយក៏ជាដំណាក់កាលបើកបរក្នុងស្មារតីទទួលខុសត្រូវផងដែរ។

ចំណែកដំណាក់កាលទី៣ ជាដំណាក់កាលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយយើងរំពឹងថាអ្វីៗនឹងធ្វើរួចរាល់»៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ