• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៤ ល្ងាច

នាឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃកម្ពុជាទទួលបានភ្ញៀវសរុបជាង១លាន២សែននាក់

ភ្នំពេញ÷នៅរសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា÷កម្ពុជាទទួលបានភ្ញៀវសរុបជាង១លាន២សែននាក់នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយ:ពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤_២៦ខែកញ្ញាឆ្នាំ២០២២ក្នុងខេត្តបាត់ដំបងសៀមរាបប៉ៃលិនទទួលបានភ្ញៀវច្រើនជាងគេ។ក្រសួងទេសចរណ៍បន្តថា÷នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយ:ពេល៣ថ្ងៃថ្ងៃទី២៤_២៦ខែកញ្ញាឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១,២៥៩,១២១នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។

ទាំងនេះជាស្ថិតិប្រចាំថ្ងៃថា÷

*ថ្ងៃទី១(២៤កញ្ញា)ទទួលបាន៣៣៩,៤៥៩នាក់។

*ថ្ងៃទី២(២៥កញ្ញា)ទទួលបាន៥១២,១២៦នាក់។

*ថ្ងៃទី៣(២៦កញ្ញា)ទទួលបាន៤០៧,៥៣៦នាក់។

ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០(Top១០)សម្រាប់រយ:ពេល៣ថ្ងៃនេះរួម

មាន÷

*ខេត្តបាត់ដំបង២១០,១២២នាក់

*ខេត្តសៀមរាប១៤៣,៤៧០នាក់

*ខេត្តកែប១១៦,៧៧៦នាក់

*ខេត្តពោធិ៍សាត់៩៦,៤៥២នាក់

*ខេត្តព្រះសីហនុ៨៤,៥៥៧នាក់

*ខេត្តកំពង់ចាម៧៩,៥៧៤នាក់

*ខេត្តកំពត៧៧,៥៤៨នាក់

ខេត្តកណ្តាល៥៤,៥៤៦នាក់

*ខេត្តកំពង់ឆ្នាំង៥៤,០២៦នាក់

*ខេត្តប៉ៃលិន៤៩,៧៤៨នាក់

ក្រសួងទេសចរណ៍លើកឡើងថា÷តួលេខនេះមានកំណើន៨៩,៤៣%ធៀបនឹងរយ:ពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមកដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិតខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្តដោយសារវិបត្តិជំងឺកូវីដ_១៩។ប្រជាពលរដ្ឋបានសម្រុកចូលរាជធានីភ្នំពេញវិញនាល្ងាចថ្ងៃចន្ទដែលធ្វើឲ្យចរាចរណ៍នៅតាមដងផ្លូវនានាមានការមមាញឹកខ្លាំងខណ:ប្រជាពលរដ្ឋខ្លះទៀតនឹងបន្តចូលរាជធានីភ្នំពេញនាថ្ងៃនេះទៀតពិសេសកម្មករ/កម្មការិនីដែលទទួលបានច្បាប់ឈប់សម្រាកពី៤_៥ថ្ងៃ។

ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណ:សុវត្ថិភាពចរាចរណ៍វិញសង្កេតឃើញថាគណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានី/ខេត្តនិងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានសម្រួលចរាចរណ៍និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមដងផ្លូវជាតិនិងទីតាំងសំខាន់ៗ។ដោយឡែកមន្ទីរទេសចរណ៍គ្រប់រាជធានី/ខេត្តក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្មនិងគោលដៅទេសចរណ៍សំខាន់ៗដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាពតម្លៃសមរម្យនិងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ_១៩ពិសេសបញ្ចៀសការកកកុញខ្លាំងដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក។

សម្រាប់រយ:ពេល៣ថ្ងៃនេះសភាពការណ៍ទេសចរណ៍ជារួមរាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានភាពល្អប្រសើរធម្មតានិងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេបើទោះបីបណ្តារាជធានី/ខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំងនិងបណ្តាលឲ្យមានជំនន់ទឹកភ្លៀងនិងការកកស្ទះនៅតាមតំបន់និងផ្លូវជាតិសំខាន់ៗមួយចំនួន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ