• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៦ ព្រឹក

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ឆ្លងផុតសភាកូរ៉េ ចូលជាធរមាន ៦០ ថ្ងៃទៀត

កាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជា ដែលនឹងចូលជាធរមាននៅ ៦០ ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ជូនដំណឹងផ្លូវការមកកម្ពុជា។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី ២ របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមានកាលខែមករា ឆ្នាំ២០២២ តំណាលគ្នានិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។

ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជាកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ។ បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា នៅរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

យោងតាមការចុះផ្សាយរបស់ The Korea Times សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ