• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥០ ព្រឹក

ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែកញ្ញានៅភាគពាយព្យនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើនបូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃអាចបង្កឲ្យទីទំនាបជាប់ផ្លូវទឹក ប្រឈមនឹងជំនន់ទឹកភ្លៀង

ភ្នំពេញ÷ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែកញ្ញានៅភាគពាយព្យនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនបូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀតអាចបង្កឲ្យទីទំនាបជាប់ផ្លូវទឹកប្រឈមនឹងជំនន់ទឹកភ្លៀង(Flash flood)។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រលប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២២។

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាយោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុបានបង្ហាញឲ្យឃើញថា÷កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី១៦ឈ្មោះណូរុ"NORU"ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីននឹងធ្វើឲ្យប្រព័ន្ធសម្ពាធទាប(ITCZ)ដែលអូសបន្លាយលើភាគខាងជើងកម្ពុជាបានចុះថមថយឥទ្ធិពលជាលំដាប់។តាមការព្យាករនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ព្យុះណារុនឹងវិវត្តន៍ទៅជាព្យុះទីហ្វុងTYនៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។ព្យុះនេះនៅពេលឆ្លងកាត់ប្រទេសវៀតណាមនិងអាងទន្លេមេគង្គប្រទេសឡាវនិងថៃនៅថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២បានថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិតTSវិសម្ពាធTDនិងសម្ពាធទាប។ជាមួយគ្នានោះចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ខ្យល់មូសុងនីរតីនឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។

លក្ខណ:បែបនេះនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២បណ្តាខេត្តនៅភាគពាយព្យមានជាអាទិ៍÷ខេត្តឧត្តរមានជ័យ,ព្រះវិហារ, រតនគិរី,សៀមរាប,បន្ទាយមានជ័យ,ប៉ៃលិន,បាត់ដំបង,និងខេត្តពោធិ៍សាត់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនបូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀអាចបង្កឲ្យទីទំនាបជាប់ផ្លូវទឹកនិងផ្លូវទឹកក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះប្រឈមនឹងជំនន់ទឹកភ្លៀង(Flash flood)និងជំនន់ដោយបរិមាណទឹកហួសកម្រិត(Overflow)។

ចំណែកបណ្តាខេត្តដទៃទៀតនិងរាជធានីភ្នំពេញមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលើកលែងតែបណ្តាខេត្តជាប់មាត់សមុទ្រមានខេត្តកោះកុងនិងខេត្តព្រះសីហនុដែលអាចមានភ្លៀងធ្លាក់ច្រើន។នៅលើផ្ទៃសមុទ្រក៏នឹងមានភ្លៀងច្រើនខ្យល់បោកបក់ខ្លាំងនិងរលកសមុទ្រខ្ពស់។ទន្ទឹមនេះភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គដែលអាចធ្វើឲ្យទឹកទន្លេមេគង្គមានការងើបកើនឡើងវិញជាបន្តបន្ទាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីនិងសាធារណជនទទួលជ្រាបជាព័ត៌មាននិងបង្កើនការប្រយ័ត្នខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ