• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៦ ល្ងាច

ពិធីដុតកម្ទេចឧបករណ៍កែច្នៃ និងអន្ទាក់ ដាក់សត្វព្រៃ ដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង បានធ្វើការដុតកម្ទេចចោលនូវឧបករណ៍កែឆ្នៃ និងអន្ទាក់គ្រប់ប្រភេទ ដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅខេត្តស្ទឹងត្រែង។ យុទ្ធនាការនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាគណៈប្រតិភូក្រសួងបរិស្ថាន គណៈអភិបាលក្រុង​ ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ​ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។​ ពិធីនេះបានប្រព្រឹត្តទៅនៅភូមិសៀមបូក ឃុំសៀមបូក ខេត្តស្ទឹងត្រែង។មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម សាយ សំអាល​់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី និង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។ ជាចុងក្រោយ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ មានប្រសាសន៍ជំរុញអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ជាមួយគ្នានេះក្រសួងនឹងជំរុញឲ្យសហគមន៍ នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ និង គណះប្រតិភូ នឹង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបន្តដំណើរ ចុះពិនិត្យការចិញ្ចឹមពូជសត្វគោ នៅក្នុងដែនជម្រកសត្វព្រៃអូឡង់សៀមបូក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ