ក្រសួងការពារប្រទេសចិន ផ្តល់រថយន្តជាង១០០គ្រឿង និងសម្ភារៈយោធាដល់កងទ័ពកម្ពុជា
ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ២០២២នេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានផ្តល់រថយន្តចំនួន១០៧ គ្រឿងនិងសម្ភារៈយោធាជាច្រើនទៀតដល់ក្រសួងការពារជាតិកម្ពុជា សម្រាប់បំរើកិច្ចការនានានៅក្នុងជួរកងទ័ព ខណៈរថយន្ត និងសម្ភារៈទាំងនេះត្រូវបានផ្តល់ និងទទួល នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។នៅក្នុងពិធីប្រគល់ និងទទួលនោះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិលើកឡើងថា សម្ភារៈយោធា និងរថយន្តដែលរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជានាពេលនេះ គឺសម្រាប់បំរើការងារប្រទេសជាតិ នៅតាមអង្គភាពនានាដែលចំណុះឲ្យក្រសួងការពារជាតិកម្ពុជា ជាពិសេសគឺ សម្រាប់នៅក្នុងអង្គភាព នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះតែម្តង។ សម្តេចបានបន្ថែមទៀតថា រាល់ជំនួយឥតសំណងរបស់ភាគីចិន បានផ្តល់ជូនដល់កងទ័ពកម្ពុជា គឺជាសក្ខីកម្មមួយឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងចិនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។សូមបញ្ជាក់ថា រថយន្តចំនួន១០៧គ្រឿង និងសម្ភារៈជា ច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេសចិន ជូនក្រសួងការពារជាតិកម្ពុជា គឺដើម្បីប្រើប្រាស់តាមតម្រូវការរបស់ក្រសួងការពារជាតិកម្ពុជា និងក៏ដើម្បីលើកកម្ពស់នូវវិស័យការពារជាតិកម្ពុជាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ៕