• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥២ ព្រឹក

បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទចំនួន៣៤ករណីឃាត់ខ្លួនមនុស្សបានចំនួន៦៤នាក់

ភ្នំពេញ÷បន្ទាប់ពីមានបទបញ្ជារបស់ថ្នាក់ដឹកនាំកម្លាំងអាជ្ញាធរទាំង១៤ខណ្ឌក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជាបន្តបន្ទាប់ចាប់ពីរសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២ដោយបង្ក្រាបបានជាច្រើនករណីនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ផងដែរ។លោកវរសេនីយ៍ឯកសាន្តសុខសីហាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនារសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ថាប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌទាំង១៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឃួងស្រេងអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញក៏ដូចជាលោកឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញដោយបង្ក្រាបបានចំនួន៣៤ករណីនិងឃាត់ខ្លួនមនុស្សចំនួន៦៤នាក់ក្នុងនោះស្រីចំនួន២៩នាក់ រួមមាន៖

ខណ្ឌចំការមន ចំនួន២ករណីឃាត់មនុស្សចំនួន៩នាក់(ស្រី១នាក់)

ខណ្ឌបឹងកេងកងចំនួន៧ករណី ឃាត់ខ្លួនមនុស្សចំនួន១១នាក់(ស្រី៦នាក់)

ខណ្ឌដូនពេញចំនួន១ករណីឃាត់ខ្លួនមនុស្ស១នាក់

ខណ្ឌទួលគោកចំនួន៤ករណីឃាត់ខ្លួនមនុស្ស៦នាក់(ស្រី៥នាក់)

ខណ្ឌដង្កោចំនួន២ករណីឃាត់ខ្លួនមនុស្សចំនួន២នាក់(ស្រីម្នាក់)

ខណ្ឌមានជ័យចំនួន២ ករណីឃាត់ខ្លួនមនុស្សចំនួន៤នាក់(ស្រីម្នាក់)

ខណ្ឌច្បារអំពៅចំនួន១ករណីឃាត់ខ្លួនមនុស្សចំនួន២នាក់

ខណ្ឌឫស្សីកែវចំនួន២ករណីឃាត់ខ្លួនមនុស្សចំនួន៣នាក់(ស្រីម្នាក់)

ខណ្ឌជ្រោយចង្វារចំនួន៣ករណីឃាត់ខ្លួនមនុស្ស៤នាក់(ស្រី៤នាក់)

ខណ្ឌសែនសុខចំនួន២ករណីឃាត់ខ្លួនចំនួន១៤នាក់(ស្រី៦នាក់)

និងខណ្ឌកំបូលចំនួន៨ករណីឃាត់ខ្លួនមនុស្សចំនួន៨នាក់(ស្រី៣នាក់)។ប្រភពដដែលបានបញ្ជាក់ថានឹងបន្តស្រាវជ្រាវអនុវត្តន៍បង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទខុសច្បាប់បន្តបន្ទាប់ទៀតជាប្រចាំ។ចំពោះមនុស្សប្រុសស្រី៦៤នាក់នេះត្រូវបានកម្លាំងអាជ្ញាធរសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២ក្រោយមានអនុក្រឹត្យនិងប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាដាច់ខាតឲ្យអាជ្ញាធររាជធានីខេត្តចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។ភ្លាមៗនោះលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានប្រជុំជាបន្ទាន់ពាក់ព័ន្ធការការពារសន្តិសុខនិងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមានប្រសាសន៍ថាអាជ្ញាធរខណ្ឌនីមួយៗមិនត្រូវបិទបាំងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ណាមួយទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយក្នុងករណីក្រុមការងារចម្រុះបានឃើញនិងចុះបង្ក្រាបបានគឺអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវ។លោកអភិបាលបានបន្តថាក្រុមការងាររបស់សាលារាជធានីនេះពេលចុះបង្ក្រាបនៅខណ្ឌណាមួយមិនឲ្យអភិបាលខណ្ឌចុះបង្ក្រាបជាមួយទេដោយខណ្ឌនោះត្រូវទទួលខុសត្រូវផងដែរហើយលោកនឹងស្នើប្រមុខរាជរដ្ឋាភិបាលឲ្យដកតំណែងអភិបាលខណ្ឌនោះមិនលើកលែងឡើយ។

លោកឃួងស្រេងបានបន្ថែមថាខណ្ឌនីមួយៗពិតជាបានដឹងនូវអ្វីដែលខុសច្បាប់ចំពោះការបើកល្បែងស៊ីសងក្នុងខណ្ឌរបស់ខ្លួន។ចំពោះអ្នកមានច្បាប់អនុញ្ញាតត្រូវមានទីតាំងច្បាស់លាស់មិនត្រូវចេះតែដាក់គ្រប់កន្លែងនោះទេហើយបើឃើញមានដាក់ល្បែងក្នុងផ្សារណាមួយមានល្បែងឆ្នោតជាដើមត្រូវដកប្រធានផ្សារនោះ។មួយវិញទៀតត្រូវពិនិត្យទីតាំងការធ្វើអាជីវកម្មបញ្ចាំដែលគ្មានច្បាប់អនុញ្ញាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយត្រូវបិទទាំងអស់។

ជាមួយនេះលោកឃួងស្រេងបានជំរុញដល់អាជ្ញាធរខណ្ឌទាំងអស់ត្រូវអនុវត្តន៍ឲ្យបានតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ