• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៦ ព្រឹក

កម្ពុជានឹងមានជើងហោះហើរត្រង់ពីប្រទេសទួកគីនាពេលខាងមុខនេះ

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃសុក្រទី១៦ខែកញ្ញាឆ្នាំ២០២២បានឲ្យដឹងថាកម្ពុជាទួកគីសុទ្ធតែចង់ពង្រីកសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតនិងចង់ឲ្យមានចលនាទេសចរណ៍ទៅមកកើនឡើងដូច្នេះទើបឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតទួកគីប្រចាំកម្ពុជាលោកស្រីអ៊ូលឃូកូចេអ៊ែហ្វ៊ែ(ULKUKOCAFE)ប្តេជ្ញាជំរុញឲ្យមានជើងហោះហើរត្រង់កម្ពុជា_ទួកគីឲ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។
ក្រសួងទេសចរណ៍បានឲ្យដឹងទៀតថាការសន្យានេះធ្វើឡើងនាឱកាសដែលលោកស្រីអ៊ូលឃូកូចេអ៊ែហ្វ៊ែជួបសម្តែងការគួរសមជាមួយលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នៅទីស្តីការក្រសួងទេសចរណ៍បន្ទាប់ពីលោកជំទាវទទួលបេសកម្មថ្មីជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួកគីប្រចាំនៅកម្ពុជា។
នាឱកាសនោះលោករដ្ឋមន្ត្រីថោងខុនបានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតអំពីស្ថានភាពទេសចរណ៍កម្ពុជាដែលកំពុងងើបឡើងវិញបណ្តើរៗតាមរយ:ខិតខំស្តារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ_១៩ពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។ប្រការនេះបានជំរុញឲ្យកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត១លាននាក់(កើនឡើង៧២០%)ត្រឹមរយ:ពេល៨ខែឆ្នាំ២០២២។
លោកស្រីអ៊ូលឃូកូចេអ៊ែហ្វ៊ែបានកោតសរសើរអំពីភាពល្អប្រសើរនៃការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅកម្ពុជាការគោរពបាននូវវិធានការសុខាភិបាលរបស់ប្រជាជនកម្ពុជាការយកចិត្តទុកដាក់ចំពោះសុខភាពអាយុជីវិតរបស់ប្រជាជនតាមរយ:គោលនយោបាយចាក់ស្រោចវ៉ាក់សាំងនិងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាល។លោកស្រីក៏ពេញចិត្តជាខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាគឺដូចការផ្សព្វផ្សាយនៅក្រៅប្រទេសពិតមែន។លោកស្រីបានបង្ហាញអារម្មណ៍មានភាពកក់ក្តៅមានសុវត្ថិភាពក្នុងការមករស់នៅនិងបំពេញបេសកកម្មនៅកម្ពុជានេះហើយមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅទេសចរណ៍កម្ពុជាពិសេសតំបន់បេតិកភណ្ឌអង្គរ។

លោករដ្ឋមន្ត្រីថោងខុនបានគូសបញ្ជាក់ថា÷ភាគីកម្ពុជា_ទួកគីឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្តីពីវិស័យទេសចរណ៍ដែលបានចុះហត្ថលេខារួចរាល់នៅប្រទេសទួកគីកាលពីឆ្នាំ២០១៨និងបានរៀបចំក្រុមការងារអនុវត្តន៍រួចហើយដែរធ្វើយ៉ាងណាអនុវត្តន៍ឲ្យបានប្រសិទ្ធភាពផ្លែផ្កានិងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ត្រង់ចំណុចនេះលោករដ្ឋមន្ត្រីថោងខុនបានបន្ថែមថាកិច្ចព្រមព្រៀងស្តីពីវិស័យទេសចរណ៍នោះគឺផ្តោតលើការជំរុញចលនាទេសចរណ៍ទៅវិញទៅមកពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា_ទួកគី។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា÷"ក្នុងអាណត្តិដែលលោកជំទាវបំពេញបេសកកម្មនៅកម្ពុជាលោកស្រីឯកអគ្គរដ្ឋទូតទួកគីបានសន្យាសម្រេចឲ្យបាននូវការតភ្ជាប់ការហោះហើរត្រង់កម្ពុជាទួកគីពីព្រោះដើម្បីជំរុញឲ្យមានកំណើនទេសចរណ៍ទៅបានចាំបាច់ត្រូវមានការដឹកជញ្ជូន"។

លោករដ្ឋមន្ត្រីបានអះអាងថាបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសៀមរាបនិងព្រះសីហនុគឺសុទ្ធតែអាចឲ្យយន្តហោះខ្នាតធំចុះចតបានដូច្នេះការចុះចតយន្តហោះដែលមកពីទួកគីគឺមិនមែនជាបញ្ហាឡើយ។ពិសេសជាងនេះភាគីទាំង២ក៏បានលើកឡើងពីការជំរុញឲ្យមានបណ្ណទេសចរណ៍បៃតង(Greenpass)ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរការស្នើសុំទិដ្ឋាការចេញ/ចូលរបស់ភ្ញៀវទេសចរក៏ដូចជាការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសទាំង២។ក្រៅពីនេះកិច្ចព្រមព្រៀងក៏ផ្តោតលើការជំរុញអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ខណ:ទួកគីគឺមានអ្នកវិនិយោគច្រើនដែរហើយកម្ពុជាទួកគីក៏ត្រូវការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ការផ្លាស់ប្តូរទស្សនកិច្ចរវាង
មន្ត្រីរាជការប្រទេសទាំង២ជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ