• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៤ ព្រឹក

លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនបន្តអំពាវនាវដល់ប្រជាជនដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ_១៩គ្រប់ចំនួនដូសមកចាក់វ៉ាក់សាំងបន្តទៀត

ភ្នំពេញ÷ក្នុងសន្និសីទសារព័ត៌មានស្តីពី"សមិទ្ធផលសម្រេចបានរយ:ពេល៥ឆ្នាំកន្លងមករបស់ក្រសួងសុខាភិបាល"នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះលោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនបានផ្ញើសារដល់ប្រជាជនដែលចាក់វ៉ាក់សាំងទើបតែបាន២ដូសហើយមិនព្រមមកចាក់វ៉ាក់សាំងដូសបន្តសូមអញ្ជើញមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាពីព្រោះមានតែវ៉ាក់សាំងប៉ុណ្ណោះដែលអាចការពារសុខភាពលោកអ្នកបាន។លោកស្រីឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដក្របខណ្ឌទូទាំងប្រទេសថ្លែងថាបច្ចុប្បន្នក្រសួងសុខាភិបាលកំពុងតែបន្តការណែនាំនិងជំរុញឲ្យបណ្តារាជធានីខេត្តទាំង២៥ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ទន្ទឹមនឹងនេះលោកស្រីក៏អំពាវនាវដល់ប្រេជាជនផងដែរអំពីការពិនិត្យមើលការចាក់វ៉ាក់សាំងរបស់ខ្លួនបើសិនជាមិនទាន់បានចាក់គ្រប់ដូសសូមរួសរាន់មកទទួលវ៉ាក់សាំងនៅដូសជាបន្តបន្ទាប់។

លោកស្រីវេជ្ជបណ្ឌិតអ្នកនាំពាក្យមានប្រសាសន៍ថា÷"ឆ្លៀតឱកាសនេះខ្ញុំសូមអំពាវនាវសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ខ្ពស់ពិនិត្យមើលថាការចាក់វ៉ាក់សាំងរបស់ខ្លួនដល់ដូសទីប៉ុន្មានហើយ។ឥឡូវនេះយើងកំពុងដំណើរការចាក់ដូសជំរុញហើយដូសជំរុញរបស់យើងមាន៣បែបទី១ដូសជំរុញទី៣ទី៤និងទី៥ហើយដូសទី៥នេះទើបចាប់ផ្តើមនៅត្រីមាសទី២ឆ្នាំ២០២២នេះទេតែដោយឡែកដូសទី៣និងទី៤យើងបានអញ្ជើញប្រជាជនមកចាក់យូរដែរហើយ។ជាការពិតការចាក់វ៉ាក់សាំងកូវីដ១៩នេះក្រៅពីមន្ត្រីរាជការស៊ីវិលដែលមានអនុក្រឹត្យដែលដាក់ចេញជាកាតព្វកិច្ចតែសម្រាប់បងប្អូនប្រជាពលរដ្ឋគឺស្ម័គ្រចិត្តនៅឡើយទេ។តែការស្ម័គ្រចិត្តនេះត្រូវតែយល់ឲ្យបានច្បាស់អំពីសារ:សំខាន់របស់វ៉ាក់សាំងខ្ញុំបានលើកជារឿយៗហើយវ៉ាក់សាំងនេះគឺជាឧបករណ៍ការពារជីវិត។ អញ្ចឹងសូមបងប្អូនកុំជឿការឃោសនាអកុសលដែលវាចេញមកច្រើនណាស់ដើម្បីរារាំងដល់ការចាក់វ៉ាក់សាំងដែលជះផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។ដូច្នេះខ្ញុំសូមអញ្ជើញបងប្អូនមកចាក់វ៉ាក់សាំងដូសជំរុញទី៣ទី៤និងទី៥"។លោកស្រីវេជ្ជបណ្ឌិតឲ្យដឹងទៀតថាបច្ចុប្បន្ននេះកម្ពុជាកំពុងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលជាជំនួយរបស់កូវ៉ាក់ប្រភេទហ្វៃស័រ។លោកស្រីបន្ថែមវ៉ាក់សាំងត្រូវបានឆ្លាស់គ្នាដើម្បីឲ្យប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការការពារប្រជាជនពីការវាយលុកជំងឺកូវីដ១៩។ព្រោះតែដូច្នេះហើយទើបកម្ពុជាអាចវិលត្រឡប់មករស់នៅធម្មតាស្របតាមគន្លងប្រក្រតីភាពថ្មី។ឆ្លៀតក្នុងឱកាសនេះលោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនបានអះអាងថាវ៉ាក់សាំងជំងឺកូវីដ១៩ដែលកម្ពុជាកំពុងប្រើប្រាស់ក្នុងការចាក់ជូនប្រជាជនគឺជាវ៉ាក់សាំងដែលមានសុពលភាពទាំងអស់ពោលគឺកម្ពុជាគ្មានវ៉ាក់សាំងដែលហួសសុពលភាពនោះឡើយ។

លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍សង្កត់ធ្ងន់ថា÷"វ៉ាក់សាំងដែលយើងប្រើប្រាស់គឺវ៉ាក់សាំងដែលមានសុពលភាពយើងមិនដែលមានវ៉ាក់សាំងហួសសុពលភាពនៅឡើយទេ។ដោយសារការខិតខំចាត់ចែងគ្រប់វ៉ាក់សាំងដោយគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្របខណ្ឌទូទាំងប្រទេស(គ.វ.ក.១៩)យើងរក្សាបាននូវគុណភាពវ៉ាក់សាំងនិងរក្សាបាននូវបច្ចេកទេសត្រឹមត្រូវដែលផ្តល់ជូនប្រជាពលរដ្ឋ។យើងហាមដាច់ខាតសម្តេចតេជោបានណែនាំដ៏ខ្ពង់ខ្ពស់រួចទៅហើយមិនឲ្យប្រើប្រាស់វ៉ាក់សាំងដែលហួសសុពលភាពចាក់ជូនប្រជាពលរដ្ឋទេ។ចាប់តាំងពីមានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២១មកដល់ពេលនេះយើងមិនទាន់មានវ៉ាក់សាំងណាហួសដឺឡេទេមានតែចាក់អស់មុនដឺឡេ"។

លោកស្រីវេជ្ជបណ្ឌិតបន្តអំពាវនាវសូមបងប្អូនរួសរាន់មកចាក់វ៉ាក់សាំងដោយសារវ៉ាក់សាំងសុទ្ធតែជាវ៉ាក់សាំងដែលមានគុណភាពនិងមានក្នុងបញ្ជីរបស់អង្គភាពពិភពលោកហើយធានាគុណភាព។

គួរជម្រាបថាកម្ពុជាបានទទួលនិងកំពុងប្រើប្រាស់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ_១៩ជាច្រើនប្រភេទរួមមានវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)វ៉ាក់សាំងស៊ីណូហ្វាម(Sinopharm)វ៉ាក់សាំងអាស្ត្រាហ្សេនេកា(Astrazeneca)វ៉ាក់សាំងចនសុនអេនចនសុន(Jonhson&Jonhson)វ៉ាក់សាំងម៉ូដឺនណា(Moderna)និងវ៉ាក់សាំងហ្វាយហ្សឺPfizer)ហើយគ្រប់វ៉ាក់សាំងទាំងនេះសុទ្ធតែស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ