• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥២ ល្ងាច

៨ខែ កម្ពុជានាំចេញទំទិញមានទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិក

គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មនាំចេញទំទិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាង ១៥ ៦៥១ លានដុល្លារ កើនឡើងជាង ២៦% ខណៈការនាំចូលមានទំហំជាង ២១ ៧៦៤ លានដុល្លារ កើនឡើងជាង ១៨% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២១។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទូរលេខការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះបើ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណ ១៥ ៦៥១ លានដុល្លារអាមេរិក កើនឡើងជាង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ ចំណែកទីផ្សារកម្ពុជានាំចេញ ក្នុងនោះការនាំចេញទៅ

សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ប្រមាណ ជាង ៦ ៤២១ លានដុល្លារ កើនឡើង ៣៧%, វៀតណាម ជាង ១ ៤៦៩ លានដុល្លារ កើនឡើង ជិត ៤%, ជប៉ុន ជាង ៧៨៩ លានដុល្លារ កើនជាង ១០%, អាល្លឺម៉ង់ ជាង ៧៤៧ លានដុល្លារ កើនឡើងជាង ២៩%, អង់គ្លេស ជាង ៦២៧ កើនឡើងជាង ៤២% បើធៀបទៅនឹងឆ្នាំ ២០២១ ក្រៅពីនេះកម្ពុជា ក៏បាននាំចេញទៅកាន់ប្រទេសជាច្រើនទៀត ដោយបន្តកំណើនល្អប្រសើរផងដែរ។

ដោយឡែកចំពោះការនាំចូលវិញ, នៅក្នុងរយៈពេល ៨ ខែនេះដែរ កម្ពុជាបាននាំចូលគិតជាទឹក ប្រាក់មាន ទំហំប្រមាណជាង ២១ ៧៦៤ លានដុល្លារអាមេរិក កើនឡើងជាង ១៨% បើធៀប រយៈពេលដូចគ្នានឹងឆ្នាំ ២០២១។ ចំណែកទីផ្សារដែលនាំចូលសំខាន់ៗ៖ ការនាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ជាង ៧ ១៩៣ លានដុល្លារ កើនឡើងជាង ២០%, ថៃ ជាង ២ ៦១៣ លានដុល្លារ, កើនឡើងជាង ២៨%, វៀតណាម ជាង ២ ៧៧៤ លានដុល្លារ កើនជិត ៣៦%, ស្វីស ជាង ១ ៣៣៩ កើនឡើងជិត ២០០% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១, ក្រៅពីនេះក៏មានប្រទេសជាច្រើន ទៀត បាននាំចូលផលិតផលរបស់ខ្លួនចូលទីផ្សារកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ, នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង ពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះកម្ពុជាភាគច្រើន បាននាំចេញមុខទំនិញទៅកាន់ សហរដ្ឋអាមេរិកដូចជា៖ ផលិតផល វាយនភណ្ឌកាត់ដេរ សំលៀកបំពាក់, ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ, គ្រឿងបង្គុំបន្ទះសឡា និងផលិតផល កសិកម្មជាដើម ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងចក្រ, រថយន្ត, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ