• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១១ ព្រឹក

បច្ចេកវិទ្យាថ្មីការចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនរ៉ូប៉ូត ដើម្បីត្រួតពិនិត្យប្រព័ន្ធ លូក្នុងក្រុងសៀមរាប ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

សៀមរាប៖យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២បានឱ្យដឹងថាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ។  ការចុះពិនិត្យនេះមានការប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងចាត់វិធានការដោះស្រាយ ក៏ដូចជាស្វែង រកមូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ