• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣២ ព្រឹក

សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់៥ចំណុច ជូនវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹក ថ្ងៃ ទី១២ កញ្ញា នេះ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាព ជាដៃ គូ អាស៊ាន ឆ្នាំ ២០២២ ក្រោម ប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័ស របស់ អាស៊ាន » ។
ក្នុងវេទិកាដែលប្រារព្ធនៅសណ្ឋាគារហៃយ៉ាតរីជិនស៊ី ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់៥ចំណុច ជូនវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដោយ សម្តេច បញ្ជាក់ថា ក្នុងក្របខណ្ឌតំបន់អាស៊ានភាពជាអ្នកដឹកនាំ និងភាព ជាដៃ គូ គឺ ជា កត្តា ចម្បង ដែល ធ្វើ ឲ្យយើង អាច ជំ នះ គ្រប់ ឧបសគ្គ និង ប្រែក្លាយ តំបន់ អាស៊ាន ទៅ ជាតំបន់ មួយលេច ធ្លោ និង មាន ការ រីកចម្រើនលើគ្រប់វិស័យ។ក្នុងស្មារតីនេះ ស្ថិតក្នុង ស្ថានភាពសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន យើង មិន ត្រឹមតែមិនបែកបាក់សាមគ្គីប៉ុណ្ណោះទេ តែផ្ទុយទៅ វិញ យើង ត្រូវ ពង្រឹង ភាព ជា ដៃគូរ និង កិច្ច សហប្រតិបត្តិការ ឲ្យ កាន់ តែ ស្អិត ល្មួត ថែម ទៀត ស្រប តាម មូល បទ អាស៊ាន រួម គ្នា ធ្វើ ដោះ ស្រាយ បញ្ហា ប្រឈមទាំងអស់គ្នាដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២ ២ នេះ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខចំពោះអនាគតភ្លឺស្វាង និងវិបុលភាពរួម។

សម្រាប់ វេទិកានេះ សម្ដេចបានលើកទឹកចិត្ត ឱ្យមានការពិភាក្សាដោយត្រង់ទៅ ត្រង់មក ក្នុង ស្មារតី យោគយល់ គ្នាទៅវិញទៅមក ដើម្បីអាច ទទួល បាន លទ្ធផល ជា ផ្លែផ្កា និង ពិតប្រាកដ និង បង្ហាញ ឲ្យ សកល លោក បាន ឃើញ ពី ឆន្ទៈ និង ការ បន្ត ពង្រឹង ភាព ជា អ្នក ដឹក នាំ និង ភាព ជា ដៃ គូ របស់ អាស៊ាន ដោយ យកការសន្ទនាដោយសន្តិវិធីជាយន្តការដោះស្រាយបញ្ហា ទោះបីស្ថិតក្នុង បរិការ មួយ ដែល ច្របូក ច្របល់ និង មាន ការ ធ្លាក់ ចុះ នៃ ការ ជឿទុក ចិត្ត គ្នា ទៅ វិញ ទៅ មក យ៉ា ង ណាក៏ដោយ។
ដើម្បីជាធាតុចូលបន្ថែម សម្ដេចតេជោ ហ៊ុន សែន បានចូលរួមផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖

ទី១. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និង សុខ សន្តិភាព ពេញលេញ ក្នុងន័យនេះ, អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើង សង្គ្រាមដែ ល គ្មាន អ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់ អាយុជីវិត របស់ ប្រជាជនកម្ពុជា ដែលជាប្រទេស ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូម ក្រើន រំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បង បំផុត គឺជា នយោបាយ ឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ។

ទី២. ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្តៅគគុក, អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្ថែមលើនេះ, អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្តាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល។

ទី៣. ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន, យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជីវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ, និងការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពនឿនការ អនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសកលលោក។

ទី៤. អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅបំពេញ រាល់ តម្រូវ ការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និង សមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្តល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង។

ទី៥.អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា អតិបរមា ពី សក្តា នុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ច បៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ ឱ្យបានយ៉ាង ឆាប់ រហ័ស ស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ ។

សម្តេចបានបន្តថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូក្នុងការគ្រប់គ្រងក្នុងគ្រប់ទម្រង់និងគ្រប់វិស័យ ទាំងផ្នែកសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនិងនយោបាយជាមួយនឹងប្រទេស ជាមិត្តនិងសហគមន៍អន្តរជាតិទាំងក្នុងក្របខណ្ឌប្រទេសនិងតំបន់ ជាពិសេសតាមរយៈការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កម្ពុជាចង់ឃើញតំបន់អាស៊ានក៏ដូចជាសាកលលោកទាំងមូលមានសុខសន្តិភាព ស្ថេរភាពនិងវិបុលភាព ប្រកបដោយចីរភាព និងបរិយាប័នយ៉ាងពិតប្រាកដ ជាមួយនឹងអធិបតេយ្យភាពនៃប្រទេសនីមួយៗ ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិនិងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយមដែលមានការចូលរួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធនិងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីជាមួយនឹងស្មារតីបើកចំហយោគយល់និងអត់ធ្មត់ឲ្យគ្នាទៅវិញទៅមក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ