• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៤ ល្ងាច

រយ:ពេលជាង៨ខែកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង៤ពាន់ករណីដកហូតថ្នាំញៀន ជាង៦តោន

ភ្នំពេញ÷តាមសេចក្តីរាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថានៅក្នុងរយ:ពេលជាង៨ខែឆ្នាំ២០២២សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង៤ពាន់ករណីដកហូតថ្នាំញៀនទម្ងន់ជាង៦តោន។តាមការកត់សម្គាល់ថាមួយរយ:ចុងក្រោយនេះពួកឈ្មួញជួញដូរគ្រឿងញៀនជាជនបរទេសបានធ្វើសកម្មភាពឆ្លងដែនក្នុងទ្រង់ទ្រាយធំ។ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាលទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀនចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២២សមត្ថកិច្ចបង្ក្រាបសរុប៤៥៦៨ករណីឃាត់មនុស្សជាង១ម៉ឺននាក់(ជនបរទេស១៩២នាក់៨សញ្ជាតិ)។
ប្រភពខាងលើបានបញ្ជាក់ថារាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងអស់សមត្ថកិច្ចកម្ពុជាតែងតែចាត់វិធានការទប់ស្កាត់គ្រប់កាល:ទេស:ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀនជាបន្តបន្ទាប់ដែលមួយខែៗសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងបង្ការនិងបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណីព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ។នេះគឺជាការខិតខំប្រឹងប្រែងមួយរបស់សមត្ថកិច្ចតែយ៉ាងណាក៏ដោយពួកឈ្មួញជួញដូរគ្រឿងញៀននៅតែប្រើល្បិចគ្រប់សកម្មភាពដើម្បីការកស៊ីរបស់ពួកគេទទួលបានជោគជ័យ។សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀនសូមសំណូមពរដល់ប្រជាពលរដ្ឋត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនកុំចង់សាកប្រើប្រាស់គ្រឿងញៀនដោយត្រូវនិយាយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ