• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៥ ព្រឹក

ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ថា កម្ពុជាជាកន្លែងទាក់ទាញប្រកបដោយសក្តានុពលសម្រាប់ការវិនិយោគ

នាព្រឹកថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉ូស (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។នៅក្នុងជំនួបនេះ លោកប្រធានវិទ្យាស្ថាន បានសម្តែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាន ជាពិសេសការដឹកនាំកម្ពុជា នាំមកនូវសុខសន្តិភាព និងស្ថិរភាព ធ្វើឲ្យកម្ពុជាជាកន្លែងទាក់ទាញប្រកបដោយសក្តានុពលសម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។លោកប្រធានវិទ្យាស្ថាន ក៏បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ផងដែរអំពីបំណងរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺទីមួយ ស្នើសុំការគាំទ្រ និងអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន សម្រាប់ដំណើរការចាប់ផ្ដើមក្លិបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចម្បង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន និងជាស្ពានរវាងអាស៊ាន និងស្ថាប័នវិស័យផ្សេងៗ។ ទីពីរ ស្នើសុំការគាំទ្រលើគំនិតផ្ដួចផ្ដើមឲ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិនេះ គឺសម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើផ្នែកអាយធីបញ្ញាសិប្បនិម្មិត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍ និងគាំទ្រការបង្កើត និងចាប់ផ្ដើមរបស់ក្លិបសេដ្ឋកិច្ចអាស៊ាន។

សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ទៅលើអ្វីដែលក្លិបសេដ្ឋកិច្ចអាស៊ាន ដោយសម្តេចបានលើកឡើងថាថា គួរពិចារណារួមចំណែកលើការពិនិត្យវាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយអំពីលទ្ធផលការងាររបស់អាស៊ានផង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះកិច្ចផ្តួចផ្ដើមបង្កើនមូលនិធិអភិវឌ្ឍន៍កម្ពុជា។

ដោយឡែកគំនិតផ្តួចផ្តើមឲ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្ដេចតេជោ បានមានប្រសាសន៍ថា គំនិតនេះ គឺស្ថិតនៅក្នុងសំណើរបស់កម្ពុជាលើកទៅកាន់អាស៊ានកន្លងមករួចហើយ នោះគឺកម្ពុជាចង់ឲ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ