• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៧ ព្រឹក

កម្ពុជាចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងតម្លៃ ១០០ប៊ីលានរៀលពីថ្ងៃនេះទៅ

ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ក្នុងទំហំទឹកប្រាក់ ១០០ប៊ីលានរៀល នៅថ្ងៃទី ៧ខែ កញ្ញា ឆ្នាំ ២០២២នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារជាតិនៃកម្ពុជា ជាអណត្តិគាហក ចាប់ផ្ដើមធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងក្នុងទំហំ ១.២១៩ប៊ីលានរៀល ឬប្រមាណ ៣០០លានដុល្លារ ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ។
ក្រសួងបញ្ជាក់ថា មូលបត្ររដ្ឋដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុងមួយបណ្ណមានតម្លៃ ១លានរៀល ដោយការគិតការប្រាក់រៀងរាល់ ៦ខែម្តង ក្នុងអត្រាគូប៉ុង ២% ថេរ។ ចំពោះមូលបត្រនេះ មាន ៣ប្រភេទ គឺ ប្រភេទប្រតិទាន ១ឆ្នាំ ដោយបោះផ្សាយចំនួន ២ដង និងមានគម្លាតបោះផ្សាយ ៤សប្តាហ៍ម្តង ដោយមានទំហំទឹកប្រាក់សរុប ២០០ប៊ីលានរៀល។ ប្រភេទប្រភេទប្រតិទាន ៣ឆ្នាំ ដោយបោះផ្សាយចំនួន ៤ដង និងមានគម្លាតបោះផ្សាយ ៤សប្តាហ៍ម្តង ដោយមានទំហំទឹកប្រាក់សរុប ៨០០ប៊ីលានរៀល និងប្រភេទប្រភេទប្រតិទាន ៥ឆ្នាំ ដោយបោះផ្សាយចំនួន ២ដង និងមានគម្លាតបោះផ្សាយ ៤សប្តាហ៍ម្តង ដោយមានទំហំទឹកប្រាក់សរុប ២០០ប៊ីលានរៀល។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងទៀតថា វិនិយោគិនមូលបត្ររដ្ឋនឹងទទួលបានការលើកទឹកចិត្តគួរឲ្យកត់សម្គាល់ ដែលក្នុងនោះរួមមាន៖ ១. ការលើកទឹកចិត្តពន្ធដារ ដោយកាត់បន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់បានពីការកាន់កាប់ និង/ឬការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល ៣ឆ្នាំ។ ២. ការលើកទឹកចិត្តក្នុងវិស័យធនាគារ ដោយទទួលស្គាល់ហានិ័យសូន្យភាគរយចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគនាអនុបាតសោធនភាព និងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយភាពដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតបក្របខ័ណ្ឌសន្ទនីយភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ