• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០១ ព្រឹក

កម្ពុជា ជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្ដីពី “ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន”

សៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ សន្និសីទអន្តរជាតិស្ដីពី "ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន” ត្រូវបានបើកជាផ្លូវការនៅខេត្តសៀមរាប ដោយមានការ    ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាស្វាគមន៍ និងបើកសន្និសីទ តាមប្រព័ន្ធអនឡាញ ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។ សន្និសីទនេះមានការចូលរួមពីតំណាង   មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញជាន់ខ្ពស់មកពីបណ្តាប្រទេសនានា ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរ និងសង្គមស៊ីវិល ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។ ថ្លែងក្នុងពិធីបើកសន្និសីទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាមានសេចក្តីរីករាយ ដែលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះនៅក្រុងសៀមរាបអង្គរ ដែលជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌នៅលើទីផ្សាអន្តរជាតិ មិនមែនជាបញ្ហាប្រឈមរបស់កម្ពុជាតែឯងទេ តែគឺជាបញ្ហារួមរបស់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន។ ដូច្នេះហើយ យើងបានអញ្ជើញទាំងតំណាងរដ្ឋាភិបាលអាស៊ាន និងក្រុមអ្នកជំនាញអន្តរជាតិជាច្រើន មកជួបជុំគ្នានាថ្ងៃនេះ ដើម្បីសហការឆ្ពោះទៅរកការអនុវត្តសកម្មភាពទៅមុខរួមគ្នា ក្នុងការការពារសម្បត្តិវប្បធម៌របស់យើង ជាមួយនឹងការលើកស្ទួយការយល់ដឹង និងការផ្លាស់ប្តូរវប្បធម៌នៅក្នុងតំបន់ ដែលជាគោលដៅចម្បងរបស់អាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងសន្ទរកថាស្វាគមន៍ និងថ្លែងអណរគុណដល់ការចូលរួមរបស់តំណាងរដ្ឋាភិបាល និងអ្នកជំនាញទាំងអស់មកពីជុំវិញពិភពលោក។ លោកជំទាវបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការរៀបចំសន្និសីទអន្តរជាតិប៉ុន្មានថ្ងៃនេះ នឹងផ្តល់ឱកាសដើម្បីពិភាក្សាស៊ីជម្រៅលើករណីជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់នៅក្នុងតំបន់ និងស្វែងរកដំណោះស្រាយនានា ក្នុងការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់។

លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជាត្រូវបានគេលួចនាំចេញដោយខុសច្បាប់ពីប្រទេស និងបានចរាចរទៅដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះបាននាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ លប់បំបាត់ការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជាតិមួយ។

កន្លងមកនេះ កម្ពុជាបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ជាពិសេសជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។សូមបញ្ជាក់ថា សន្និសីទអន្តរជាតិនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ