• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៩ ព្រឹក

ឯកឧត្តម សុខ សុភ័ក្ត្រ ចូលរួមជំនួបពិភាក្សាការងារ​ទ្វេភាគី ជាមួយប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី

ឆ្លៀត​ក្នុង​ឱ​កាសវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ស្ថាប័ន UN-ESCAP និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរី ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន​ជួប​ពិភាក្សាការងារ​ទ្វេភាគី​ជា​មួយ​ ​លោក Albert Park ប្រធាន​ក្រុម​សេដ្ឋកិច្ច​វិទូ ប្រចាំ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​ក្នុង​គោល​បំណង​​ផ្លាស់​ប្ដូរ​យោបល់​លើ​​​វឌ្ឍន​ភាព​ថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគនៅកម្ពុជា។ឯកឧត្តម​រដ្ឋ​លេខាធិការ​ បាន​គូស​បញ្ជាក់​ថា ​ការ​នាំ​ចេញ​ទំ​និញ​​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ពិ​ភព​លោក​​ក្នុង​ឆ្នាំ​២០២១ បាន​កើន​ឡើង​​​ប្រមាណ ១៩,៣ ប៊ីលាន ដុល្លារអាម៉េរិក ​ក្នុងអត្រាកំណើន​ប្រមាណ​ ៥,៨% ធៀប​នឹង​ឆ្នាំ​២០២១។ ជារួម​ទំ​ហំ​ពាណិជ្ជកម្ម​កម្ពុជា​​​បាន​កើន​ឡើង​ក្នុង​អត្រា​ ២៨,២៣% ​ក្នុង​រយៈ​ពេល​១​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០២០-២០២១​ និងមាន​ការ​កើន​ឡើង​ក្នុង​អត្រា​ ២៦% ​ក្នុងឆមាស​ទី​១ ឆ្នាំ ២០២២ នេះ​។ ដោយ​ឡែក​ ចំពោះ​វិស័យ​វិនិយោគ​វិញ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ​ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) បាន​អនុ​ម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ៤៧ គម្រោង ដែល​មាន​ដើម​ទុន​សរុប​ប្រមាណ ២,៥ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ​ ១៤,២% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១។ ​​គម្រោង​វិនិយោគ​ទាំង​នោះ​ផ្ដោត​លើ គម្រោង​សាងសង់មជ្ឈមណ្ឌលភស្ដុភារកម្ម​និង​កំពង់​ផែ​ពហុបំណង វារីអគ្គិសនី ការ​ផលិត​សំបកកង់ឡាន សណ្ឋាគារ រោង​ចក្រ​ស៊ីម៉ង់ត៍ ការ​ដាំ​ដុះ​ចេក​និង​ផ្លែ​ឈើ​ផ្សេងៗ រោង​ចក្រ​ដំឡើង​រថយន្ដ​ និង​មន្ទីរ​ពេទ្យ...ជាដើម​។​ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថា ​ទោះ​បី​ជា​ទំ​ហំពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​វិជ្ជមាន​ក្នុង​រយៈ​ពេល​ ១៨ ខែចុង​ក្រោយ​នេះ​ក៏​ដោយ ក៏​​កម្ពុជា​នៅ​តែ​​បន្ដ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំ​នួន​ដូច​ជា៖ ១) ភាព​មិន​ច្បាស់​លាស់​នៃ​វិបត្តិ​កូវីដ-១៩ ​ធ្វើ​ឱ្យ​ប្រទេស​មួយចំនួន​នៅ​បន្ដ​អនុវត្ត​វិធាន​ការ​សុខា​ភិបាល​តឹង​តែង និង​​ការកម្រិត​លទ្ធ​ភាព​នៃ​ការ​ធ្វើ​ដំណើរ ២) ជម្លោះ​រវាង​រុស្សី​និង​អ៊ុយ​ក្រែន ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់​​ជា​សកល ពិសេស​ធ្វើ​ឱ្យ​​ថ្លៃ​ប្រេង​និង​វត្ថុ​ធាតុ​ដើម​ចាំ​បាច់​មួយ​ចំ​នួន​មាន​ការរ​​​កើន​ឡើង ៣) ​កង្វះ​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង (ICT) ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​​ជំរុញ​ការធ្វើ​សមាហរណ​កម្ម​ឌីជីថល​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល។

​ជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ បាន​ស្នើ​ឱ្យ​ភាគី ADB ពិចារណា​ផ្ដល់​ការ​គាំ​ទ្រ​កម្ពុជា​តាម​រយៈ​ការ​ផ្ដល់​ជំ​នួយ​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ​​​សម្រាប់សកម្មភាពនានា រួមមាន​៖ ការ​រៀប​ចំ​​គោល​នយោបាយ​​​​​យុទ្ធ​សាស្ដ្រ​សម្រាប់​ការ​ស្ដារ​ឡើង​​វិញ​នូវ​ខ្សែ​ច្រវ៉ាក់​​តម្លៃ​និង​ការផ្គត់​ផ្គង់​​ក្នុង​តំបន់​និង​សកល ការរៀបចំគម្រោង​​អភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង (ICT) សម្រាប់​ការ​គាំ​ទ្រសមាហរណ​កម្ម​ឌីជីថល​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល និង​ការ​​ពង្រឹង​សមត្ថ​ភាព​​​និង​ជំ​នាញ​ក្នុង​ការ​ចរចា​ពាពាណិជ្ជកម្ម​សេរី​សម្រាប់​មន្ដ្រី​កម្ពុជា តាម​រយៈ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ពាណិជ្ជកម្ម ​​និង​ស្រាវ​ជ្រាវ (TTRI) ​នៃ​ក្រសួង​ពាណិជ្ជកម្ម។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ